លោក កែវ រ៉េមី ត្រូវបានតែងតាំងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្ស ដើម្បីតទល់ការរិះគន់
លោកកែវរ៉េមីរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីដែលធ្លាប់ជាអតីតតំណាងរាស្ត្រគណបក្សប្រឆាំងត្រូវបានព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តមសីហមុនីត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជំនួសលោក ម៉ក់ សម្បត្តិ ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីវិញ។
តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ លោក កែវ រ៉េមី ដែលជាអនុប្រធាន ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន។ លោកបានបដិសេធអធិប្បាយជុំវិញការគ្រប់គ្រងតំណែងថ្មីនេះ កាលពីម្សិលមិញ ខណៈដែលលោក គ្រោងនឹងធ្វើសន្និសីទកាសែត ព្រឹកថ្ងៃចន្ទនេះ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្ថិតក្នុងខណ្ឌទួលគោក។
តាមរយៈឯកសារពាក់ព័ន្ធ លោក កែវ រ៉េមី កើតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៦៣។ លោក បានចូលប្រឡូកក្នុងនយោបាយដំបូង ជាមួយនឹងគណបក្សហ៊្វុនស៊ិនប៉ិច។ លោក ត្រូវបានស្គាល់ថា ជាកូនប្រសាររបស់លោក ឈឹម សៀកឡេង ដែលជាមន្ត្រីជាន់ខ្ពស់ ស្និទ្ធនឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ក្រោយមកនៅឆ្នាំ១៩៩៥ ស្របពេលដែលលោក សម រង្សុី បានចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច លោក កែវ រ៉េមី ក៏បានចេញពីហ៊្វុនស៊ិនប៉ិច ទៅបង្កើតគណបក្សជាតិខ្មែរ ជាមួយលោក សម រង្សុី បន្ទាប់មក គណបក្សនោះ ក៏បានប្តូរឈ្មោះជា គណបក្ស សម រង្សុី វិញ។
តាមរយៈលទ្ធផលបោះឆ្នោត ឆ្នាំ១៩៩៨ លោក កែវ រ៉េមី បានជាប់ឆ្នោតជាតំណាងរាស្ត្ររបស់គណបក្ស សម រង្សុី និងបន្តជាប់ឆ្នោតជាថ្មី ក្នុងនាមជាតំណាងរាស្ត្រគណបក្ស សម រង្សុី ដដែល នៅឆ្នាំ២០០៣។ តែក្រោយមក នៅឆ្នាំ២០០៧ លោក បានចេញពីគណបក្ស សម រង្សុី ទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា វិញ តែមិនបានជាប់ឆ្នោតជាតំណាងរាស្ត្រ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០០៨ ឡើយ ទើបលោកសម្រេចចាកចេញពីលោក កឹម សុខា និងមកចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា វិញ។
លោក កែវ រ៉េមី ត្រូវបានតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បន្តដល់បច្ចុប្បន្ន បន្ថែមលើមុខងារជាច្រើនទៀត រួមមាន អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីឆ្លងឆ្លើយនឹងគណបក្សប្រឆាំង ព្រមទាំងសង្គមស៊ីវិលជាដើម។ រហូតដល់ឆ្នាំ២០១០ លោក ក៏ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បន្ថែមលើមុខងារបច្ចុប្បន្ន។ ក្រោយមកទៀត លោក ក៏ត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស នៅខែឧសភា ឆ្នាំ២០១៥។
បើតាមលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបាននិយាយថា មុខតំណែងថ្មីរបស់លោក កែវ រ៉េមី គឺជាការចាត់តាំងរបស់ព្រះមហាក្សត្រ និងកើតចេញពីទំនុកចិត្តរបស់ថ្នាក់ដឹកនាំ។
លោក ម៉ក់ សម្បត្តិ បានឲ្យដឹងដែរថា បន្ទាប់ពីលោកត្រូវបានបញ្ចប់មុខងារជាប្រធានគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា លោក ក៏ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។
លោកថា៖ «នេះជាតំណែងថ្មីសម្រាប់ខ្ញុំ តំណែងខ្ញុំបានប្រកាសរួចហើយ ការផ្លាស់ប្តូរអត់មានមូលហេតុអីទេ អត់មានអីទេប្អូន… (លោក កែវ រ៉េមី) មានសមត្ថភាពគ្រប់គ្រាន់…»។
យោងតាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គណៈកម្មា-ធិការនេះ មានតួនាទីជួយដល់រាជរដ្ឋាភិបាល ដើម្បីរក្សាការពារ អភិវឌ្ឍ និងលើកតម្កើងវិស័យសិទ្ធិមនុស្សនៅកម្ពុជា។ គណៈកម្មការធិការនេះ ក៏មានភារកិច្ចត្រួតពិនិត្យរាល់ការរំលោភសិទ្ធិមនុស្ស និងពាក្យបណ្តឹងតវ៉ានានា ស្រាវជ្រាវអង្កេតករណីនានា ឬធ្វើការវាយតម្លៃការស្រាវជ្រាវអង្កេតរបស់សមត្ថកិច្ច ឬសហការស្រាវជ្រាវជាមួយសមត្ថកិច្ច និងផ្សព្វផ្សាយជូនសាធារណជន ត្រួតពិនិត្យតាមមូលដ្ឋាន ដើម្បីវាយតម្លៃ និងផ្តល់ឱវាទអំពីសិទ្ធិមនុស្ស អប់រំផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ផ្តល់យោបល់ និងលើកសំណើជូនរាជរដ្ឋាភិបាល អំពីសភាពការណ៍សិទ្ធិមនុស្ស សំដៅកែលម្អជាដើម។
កន្លងទៅ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ធ្លាប់ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មួយចំនួន រិះគន់ជុំវិញការគាបសង្កត់លើសេរីភាពបញ្ចេញមតិ ការប្រមូលផ្តុំដែលមានការរឹតបណ្តឹង និងការយាយីពីសំណាក់អាជ្ញាធរផងដែរ។ តាមរបាយការណ៍របស់ អង្គការលើកលែងទោសអន្តរជាតិ កម្រាស់១២៤ទំព័រ អំឡុងខែមិថុនា ឆ្នាំ២០១៥ នេះ បានរកឃើញថា នៅពេលប្រជាពលរដ្ឋ ឬកម្មករចេញតវ៉ារឿងអយុត្តិធម៌ក្នុងសង្គម រដ្ឋាភិបាលតែងតែប្រើកម្លាំងហួសហេតុ មិនសមាមាត្រទៅស្ថានការណ៍ជាក់ស្តែង ។
របាយការណ៍ដដែលនេះ បានលើកឡើងថា កម្ពុជា មិនបានគោរពសិទ្ធិមនុស្សទៅតាមបទដ្ឋានអន្តរជាតិ ដែលក្នុងកម្ពុជា ជាភាគីហត្ថលេខីនៅអង្គការសហប្រជាជាតិ ក្នុងការធានាសេរីភាពបញ្ចេញមតិ និងការជួបប្រជុំជាដើម ។ Amnesty International ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវធានាការគោរពសិទ្ធិមនុស្ស ក្នុងការប្រមូលផ្តុំដោយសន្តិវិធី និងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ព្រមទាំងបញ្ចប់នូវការប្រើកម្លាំងហួសហេតុ ក្នុងការបង្ក្រាបរាល់ការប្រមូលផ្តុំ ធានាប្រព័ន្ធតុលាការឯករាជ្យ បញ្ចប់និទណ្ឌភាព ដើម្បីឲ្យស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ៕