ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា ចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងសិក្ខាសាលាអាស៊ាន លើកទី៧ ស្តីពីចំណុចប្រសព្វរវាងជម្លោះនិងសិទ្ធិមនុស្ស៖ មាគ៌ា និងវិធីសាស្រ្ត ដើម្បីសន្តិភាពក្នុងតំបន់អាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា ចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងសិក្ខាសាលាអាស៊ាន លើកទី៧ ស្តីពីចំណុចប្រសព្វរវាងជម្លោះនិងសិទ្ធិមនុស្ស៖ មាគ៌ា និងវិធីសាស្រ្ត ដើម្បីសន្តិភាពក្នុងតំបន់អាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា ចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងសិក្ខាសាលាអាស៊ាន លើកទី៧ ស្តីពីចំណុចប្រសព្វរវាងជម្លោះនិងសិទ្ធិមនុស្ស៖ មាគ៌ា និងវិធីសាស្រ្ត ដើម្បីសន្តិភាពក្នុងតំបន់អាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
======================
ទីក្រុងគូឡាឡាំពួ៖ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិក គ.ស.ម.ក. និងជាតំណាងរងប្រទេសកម្ពុជាប្រចាំអាយឆា និងឯកឧត្តម រ៉េតដា រតនៈ សមាជិក គ.ស.ម.ក. បានចូលរួមសិក្ខាសាលាអាស៊ាន លើកទី៧ ស្តីពីចំណុចប្រសព្វរវាងជម្លោះនិងសិទ្ធិមនុស្ស៖ តម្រាយផ្លូវ និងវិធីសាស្រ្ត ដើម្បីសន្តិភាពក្នុងតំបន់អាស៊ាន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សិក្ខាសាលានេះ មានគោលបំណង (១) ផ្តល់វេទិកាដល់ភាគីពាក់ព័ន្ធ ដើម្បីចែករំលែក និងផ្លាស់ប្តូរមតិយោបល់អំពីវិធីសាស្ត្រជាក់ស្តែង ក្នុងការពង្រឹងកិច្ចសហការ និងការទប់ស្កាត់ គ្រប់គ្រង និងដោះស្រាយជម្លោះ ដោយផ្អែកលើសិទ្ធិមនុស្ស និង (២) ផ្តោតលើការវិភាគ និងការប្រើប្រាស់សូចនាករផ្អែកលើសិទ្ធិមនុស្ស ដើម្បីកំណត់សញ្ញាព្រមាន និងវាយតម្លៃហានិភ័យនៃជម្លោះ និងវិបត្តិដែលអាចកើតឡើង ព្រមទាំងពង្រឹងការគាំទ្រឱ្យបានទាន់ពេលវេលា និងការចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនេះ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានគូសបញ្ជាក់ពីទំនាក់ទំនងរវាងសន្តិភាព និងសិទ្ធិមនុស្ស។ នៅពេលជម្លោះកើតឡើង សិទ្ធិមនុស្សជាមូលដ្ឋានត្រូវបានរំលោភបំពាន សូម្បីតែសិទ្ធិរស់រានមានជីវិត ក៏មិនត្រូវបានធានានោះដែរ។ ក្នុងស្ថានភាពបែបនេះ ការការពារប្រជាជនស៊ីវិល និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ត្រូវតែការពារជាអាទិភាព ហើយអនុញ្ញាតឱ្យប្រជាជនត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្នុងពេលជម្លោះត្រូវបានបញ្ចប់ ដូចមានចែងក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកឡើងថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ និងយល់ច្បាស់ពីផលវិបាកកើតចេញពីភ្លើងសង្គ្រាម។ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូរណ៍ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និងសម្រេចបានការអភិវឌ្ឍគ្រប់វិស័យ រូមទាំងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋ។ ដោយផ្អែកលើបទពិសោធន៍នេះ ជម្លោះគួរត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការផ្សះផ្សា ដោយផ្អែកលើច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ វិធីសាស្ត្រទាំងនេះ មិនត្រឹមតែជួយស្តារ និងរក្សាសន្តិភាព និងស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការគោរព ការការពារ និងការអនុវត្តសិទ្ធិមនុស្សផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តម ជឿជាក់ថា អាស៊ាននៅតែអាចបន្តពង្រឹងការទប់ស្កាត់ជម្លោះ និងវិធីសាស្រ្តកសាងសន្តិភាព តាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត ការអប់រំសិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ។






