គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអំពាវនាវឲ្យជៀសវាងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវដល់សហគមន៍ និងក្រុមគ្រួសារដែលមានសមាជិកជាអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវជៀសវាងការរើសអើង និងការប្រើប្រាស់ហិង្សាទាំងផ្លូវកាយ និងការគៀបសង្កត់ផ្លូវចិត្តទៅលើអ្នកស្រឡាញ់ភេទដូចគ្នា។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងសប្តាហ៍មោទនភាព និងទិវាបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា អ្នកប្តូរយេនឌ័រ និងអ្នកស្រឡាញ់ទាំងពីរភេទ កាលពីថ្ងៃអាទិត្យ។
លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងសារកាលពីថ្ងៃសុក្រថា បើទោះជាកម្ពុជាមិនទាន់មានការផ្តល់ឯកសារផ្លូវច្បាប់ណាមួយដល់អ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានឈានមុខគេនៅក្នុងប្រទេសក្នុងតំបន់ ក្នុងការលុបបំបាត់ការរើសអើង និងលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
លោកបានបន្តថា៖ «សូមឲ្យសហគមន៍ និងក្រុមគ្រួសារដែលមានកូន ក្មួយ ឬចៅ ហើយបើសិនជាគាត់[អ្នកស្រឡាញ់ភេទដូចគ្នា]មានបង្ហាញនូវអត្តសញ្ញាណភេទ មាននិន្នាការភេទស្រឡាញ់ភេទដូចគ្នា សូមឲ្យបងប្អូនទទួលស្គាល់ការពិត និងជៀសវាងប្រើហិង្សាលើរូបរាងកាយ ហិង្សាតាមរយៈពាក្យសំដីប្រមាថ តិះដៀល ឬបណ្តេញកូនចៅចេញពីផ្ទះ និងហិង្សាតាមរយៈនៃការគៀបសង្កត់ផ្លូវចិត្តជាដើម សូមផ្តល់នូវសិទ្ធិសេរីភាព និងទទួលស្គាល់ពួកគេ»។
លោក កែវ រ៉េមី ក៏បានអំពាវនាវដល់អ្នកស្រឡាញ់ភេទដូចគ្នា ត្រូវខិតខំចូលរួមបំពេញការងារជួយដល់សង្គមឲ្យបានល្អ និងគោរពច្បាប់ ជៀសវាងបង្កបញ្ហា ឬហានិភ័យណាមួយ ដែលបង្កការភ័យខ្លាចដល់ក្រុមគ្រួសារ សហគមន៍ និងបង្កផលប៉ះពាលដល់សង្គមជាតិផងដែរ។
លោកថា៖ «កាលណាបើយើងធ្វើជាពលរដ្ឋល្អ ឲ្យសហគមន៍ និងសង្គមទទួលស្គាល់ថា យើងមិនមែនជាមនុស្សដែលធ្វើឲ្យគេភ័យខ្លាច ឲ្យគេយល់ថា ការស្រឡាញ់ភេទដូចគ្នា គឺជាធម្មជាតិរបស់យើង មិនមែនជាការធ្វើតាមគ្នាទៅវិញទៅមកនោះ ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាល ជាពិសេសស្ថាប័ននីតិបញ្ញត្តិនឹងរៀបចំច្បាប់គាំទ្រក្មួយៗជាមិនខាន»។
ស្របពេលគ្នានេះដែរ អ្នកស្រី ពៅ សុភា ស្មៀនឃុំច្រេស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអាទិត្យ ក៏បានបង្ហាញការគាំទ្រចំពោះការស្រឡាញ់ភេទដូចគ្នា និងអំពាវនាវកុំឲ្យមានការរើសអើង ព្រោះអ្នកស្រឡាញ់ភេទដូចគ្នា ក៏មានសិទ្ធិស្រឡាញ់ និងត្រូវការភាពកក់ក្តៅផងដែរ។ អ្នកស្រីថា៖ «សូមឲ្យអ្នកស្រឡាញ់ភេទដូចគ្នា ប្រើប្រាស់សិទ្ធិដែលខ្លួនមាន ទៅតាមច្បាប់កំណត់ និងកុំធ្វើអ្វីឲ្យលើសលុប[រំលោភបំពានលើសិទ្ធិ]ទៅលើអ្នកដទៃ ហើយសូមឲ្យមាតាបិតា កុំរើងអើងដល់កូនដែលជាអ្នកស្រឡាញ់ភេទដូចគ្នា កុំឲ្យកូនមានភាពឯកា និងមានការបាក់ទឹកចិត្ត»។
ប្រធានសម្របសម្រួលនៃសហគមន៍ឥន្ទធនូកម្ពុជា កញ្ញា លី ពិសី (Ly Pisey, Rainbow community Kampuchea-RoCK coordinator) បានលើកឡើងកាលពីថ្ងៃអាទិត្យថា តាមការអង្កេត និងការស្ទង់មតិមួយចំនួន ឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ នៅតាមក្រុមគ្រួសារ សហគមន៍ ក៏ដូចជាសង្គមជាតិ មានការយល់ដឹងច្រើន និងទទួលស្គាល់អ្នកស្រឡាញ់ភាពដូចគ្នា បើទោះជានៅមានក្រុមគ្រួសារ និងបុគ្គលមួយចំនួនតូច នៅមានការរើសអើង និងប្រើពាក្យសម្តីស្អប់ខ្ពើមមកលើអ្នកស្រឡាញ់ភេទដូចគ្នាក៏ដោយ។ ករណីនេះ កញ្ញាថា ការអំពាវនាវរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺជាអាវក្រោះមួយដែលជួយការពារសិទ្ធិ និងជួយដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា កុំឲ្យបាក់ទឹកចិត្តព្រោះតែការរើសអើង និងពាក្យនិន្ទាទាំងនោះ។
កញ្ញាបានបញ្ជាក់ថា៖ «ពេលដែលមានការអំពាវនាវបែបនេះ គឺសហគមន៍យើងមានកម្លាំងចិត្តក្នុងការតស៊ូនឹងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការរើសអើង ទាំងនៅក្នុងក្រុមគ្រួសារ និងសង្គម»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០០៩មក សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា រួមនិងអង្គការសង្គមស៊ីវិលមួយចំនួន បានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ដោយមានការជួបជុំសម្តែងសិល្បៈ ពិពណ៌ សកម្មភាពសេវាសង្គម សិក្ខាសាលា និងកិច្ចសន្ទនាជាមួយតំណាងមន្ត្រីរាជរដ្ឋាភិបាលជាដើម។ ប៉ុន្តែនៅឆ្នាំនេះ ការប្រារព្ធទិវានេះ ត្រូវធ្វើឡើងតាមរយៈការផ្ញើសាររូបថត វីដេអូខ្លីៗ និងចម្រៀងតាមបណ្តាញសង្គមវិញ ដោយសារមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មាន បានបន្តថា ទិវានេះ ត្រូវបានធ្វើឡើងដើម្បីបង្ហាញទៅកាន់សាធារណជន អំពីវត្តមានរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា ដោយពួកគេទាមទារឲ្យមានការទទួលស្គាល់ ការគោរព ការបណ្តុះនូវសេចក្តីស្រឡាញ់ក្នុងភាពជាមនុស្សជាតិ និងរួមគ្នាកសាងសង្គមមួយដ៏កក់ក្តៅ សម្រាប់ប្រជាជនទាំងអស់៕