ឯកឧត្តម លឹម រតនៈ ចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកំពង់ចាម
នៅថ្ងៃព្រហស្បតិ៍ ២ កើត ខែ ពិសាខ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២៤ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក. ) បានចាត់ក្រុមការងារ ដឹកនាំដោយ ឯកឧត្តម លឹម រតនៈ សមាជិក គ.ស.ម.ក ចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកំពង់ចាម។
ក្រុម ការងារ បានជួបជាមួយឧត្តមអគ្គានុរក្សលេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម និងអនុប្រធាន ប្រធានការិយាល័យជំនាញ ដើម្បីប្រាប់ពីគោលបំណងរបស់ក្រុមការងារ និងស្តាប់សេចក្តីរាយការណ៍ពីស្ថានភាព ការគ្រប់គ្រង ព្រមទាំងព័ត៌មាននានា ជាពិសេសការស្នាក់នៅរបស់ជនជាប់ឃុំ។ បន្ទាប់មក ក្រុមការងារគ.ស.ម.ក. ក៏បានដើរពិនិត្យមើលតាមបន្ទប់ឃុំនីមួយៗនៅក្នុងពន្ធនាគារ។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបាននាំយកថ្នាំពេទ្យចំនួន១៣មុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ទុកជូនពន្ធនាគារសម្រាប់ប្រើប្រាស់ផងដែរ៕