ឯកឧត្តម ញ៉ែម ប៊ុនធឿន បានដឹកនាំ មន្រ្តីរាជការនៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅវិមានឯករាជ្យ

រាជធានីភ្នំពេញ៖ ឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអគ្គនាយកស្តីទី អគ្គនាយកដ្ឋានរដ្ឋបាលនិងបណ្តឹង បានអញ្ជើញដឹកនាំប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅវិមានឯករាជ្យ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីយកិច្ចទាមទារឯករាជ្យពេញលេញនៅកម្ពុជា ដើម្បីជាតិមាតុភូមិនិងប្រជារាស្ត្រខ្មែរ៕





