នៅស្ថានទូតអូស្រ្តាលី អនុប្រធាន គ.ស.ម.ក. បានចែករំលែកទស្សនៈចំពោះបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា
តបតាមការអញ្ជើញពីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោកជំទាវ ឡុង សូនីតា អនុប្រធាន គ.ស.ម.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចូលរួមកិច្ចពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQIA+ Pride Month Panel Discussion) នៅព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
លោកជំទាវ ឡុង សូនីតា បានថ្លែងសរសើរបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាថាជាផ្នែកមួយនៃធនធានមនុស្សសម្រាប់កម្ពុជា និងបានរួមចំណែកលើកស្ទួយទាំងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសបានជួយការពារសុខសន្តិភាព។ លោកជំទាវ បានអំពាវនាវដល់ជនរួមជាតិទាំងអស់កុំមានការរើសអើង ឬប្រឆាំងជាមួយបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា ផ្ទុយមកវិញ គួរជម្រុញ និងលើកទឹកចិត្តគាត់ ក្នុងការអភិវឌ្ឍខ្លួនឯងតាមរយៈការខិតខំកសាងសមត្ថភាព និងធ្វើជាពលរដ្ឋល្អសម្រាប់សហគមន៍ទាំងមូល ដេីម្បីលើកស្ទួយសមភាពយេនឌ័រ និងលុបបំបាត់ការរើសអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នា។ បន្ថែមលើនេះ លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំគ្រប់កម្រិតដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់សមភាពយេនឌ័រ និងការពារជនគ្រប់រូបពីការរើសអើងគ្រប់ទម្រង់។ លោកជំទាវក៏បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងកក់ក្តៅដល់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាដែលជាដៃគូដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមកជាមួយកម្ពុជា៕



