ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានចូលរួមធ្វើបទបង្ហាញស្តីពី “សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាលក្រោមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា” ក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា”

រាជធានីភ្នំពេញ៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមធ្វើបទបង្ហាញស្តីពី “សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាលក្រោមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា” ក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា” ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលជាមូលដ្ឋានគ្រឹះធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព និងបរិយាបន្ន ជាពិសេស ដើម្បីលើកស្ទួយសិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងរួមគ្នាពិភាក្សា ពិគ្រោះយោបល់ និងពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលឱ្យមានភាពល្អប្រសើរថែមទៀត៕





