លោកជំទាវ អ៊ុច និពន្ធ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមសន្និសីទវិទ្យាសាស្ត្រនិងការអនុវត្តអន្តរជាតិលើកទី៨ 

លោកជំទាវ អ៊ុច និពន្ធ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមសន្និសីទវិទ្យាសាស្ត្រនិងការអនុវត្តអន្តរជាតិលើកទី៨  លោកជំទាវ អ៊ុច និពន្ធ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមសន្និសីទវិទ្យាសាស្ត្រនិងការអនុវត្តអន្តរជាតិលើកទី៨ 

ទីក្រុងម៉ូស្កូ៖ តបតាមការអញ្ជើញពីលោកស្រី Prof. Tatiana Moskalkova ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅសហព័ន្ធរុស្ស៊ី, លោកជំទាវ អ៊ុច និពន្ធ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមសន្និសីទវិទ្យាសាស្ត្រនិងការអនុវត្តអន្តរជាតិលើកទី៨ ស្តីពី “បញ្ហានៃការការពារសិទ្ធិមនុស្ស៖ ការផ្លាស់ប្ដូរឧត្តមានុវត្តនៃ Ombudspersons” (VIII International Scientific and Practical Conference “Issues of Human Rights Protection: Exchange of Best Practices of Ombudspersons”) ក្រោមប្រធានបទ “បញ្ហាបច្ចុប្បន្នក្នុងការការពារសិទ្ធិមនុស្សលើការទទួលបានការថែរក្សាសុខភាព” (Current Issues of Protection of Human Rights to Health Care) ដែលប្រព្រឹត្តទៅនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងម៉ូស្កូ សហព័ន្ធរុស្ស៊ី។
អង្គសន្និសីទនេះធ្វើឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធ និងការអនុវត្តល្អ ពាក់ព័ន្ធនឹងការការពារសិទ្ធិមនុស្សក្នុងទទួលបានការថែរក្សាសុខភាព ដែលអង្គពិធីមានការអញ្ជើញចូលរួមប្រមាណ ៣៧ប្រទេស រួមមានតំណាង Ombudsman ឧត្តមស្នងការសិទ្ធិមនុស្ស តំណាងអង្គការអន្តរជាតិ តំណាងអាជ្ញាធររដ្ឋាភិបាល និងអង្គការសិទ្ធិមនុស្សពីបណ្តាប្រទេសនានាផងដែរ។
នៅក្នុងសន្និសីទអន្តរជាតិនេះ លោកជំទាវ អ៊ុច និពន្ធ បានថ្លែងពីការផ្ដល់អាទិភាព​លើវិស័យ​សុខាភិបាលនៅប្រទេសកម្ពុជា ដោយរាជរដ្ឋាភិបាលបានបង្កើនថវិកាក្នុងការលើកកម្ពស់ការថែរក្សាសុខភាពទ្វេដងក្នុងឆ្នាំ២០២៣ បើប្រៀបធៀបនឹងឆ្នាំ២០១៣។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ពង្រីកនិងពង្រឹងប្រព័ន្ធគាំពារសង្គមឈរលើស្មារតី “មិនបោះបង់ប្រជាពលរដ្ឋកម្ពុជាណាម្នាក់ត្រូវបានទុកចោលឡើយ”។ កម្ពុជាក៏បានចេញនូវផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការធានារ៉ាប់រងសុខភាពជាសកលឆ្នាំ២០២៤-២០៣០ ដែលស្របនឹងក្រមខណ្ឌគោលនយោបាយជាតិគាំពារសង្គមដែលផ្តោតសំខាន់ទៅការលើកកម្ពស់ភាពស្មើគ្នាក្នុងការផ្តល់សេវាសុខភាពដោយមិនជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ។
រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នក៏ប្តេជ្ញាសង្កត់ធ្ងន់ទៅលើអាទិភាពកំណែទម្រង់តាមរយៈការពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដែលបានបង្ហាញយ៉ាងច្បាស់ក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី១ ស្តីពី “ការពង្រីកសេវាសុខភាពឆ្ពោះទៅកាន់ការធានារ៉ាប់រងសុខភាពជាសកល” ក៏ដូចជាវិធានាការនានាសម្រាប់វិស័យសុខាភិបាលសំដៅលើការពង្រឹងសមត្ថភាពមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដើម្បីធ្វើឱ្យការផ្តល់សេវាសុខភាពមានគុណភាព សុវត្ថិភាព និងស្មើភាព៕

អត្ថបទទាក់ទង