ឯកឧត្តម ស្រ៊ាង ចិន្ដា ចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ «ការការពារនិងការតស៊ូមតិសិទ្ធិមនុស្សនៅកម្ពុជា»
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំងឯកឧត្តម ស្រ៊ាង ចិន្ដា សមាជិក គ.ស.ម.ក. ឱ្យចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ «ការការពារនិងការតស៊ូមតិសិទ្ធិមនុស្សនៅកម្ពុជា» តាមសំណើរបស់ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ដែលកិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ RIVA ខេត្តព្រះសីហនុ។ កិច្ចពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងរបស់យុវជនអំពីសិទ្ធិជាមូលដ្ឋាននិងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ បង្កើនភាពអង់អាចនិងការចូលរួមរបស់យុវជនក្នុងកិច្ចការសាធារណៈ ព្រមទាំងផ្ដល់ជាវេទិកាមួយសម្រាប់ចែករំលែកនូវគំនិតនិងបទពិសោធទាក់ទងនឹងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ាង ចិន្ដា បានចូលរួមចែករំលែកអំពីសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្ស លិខិតបទដ្ឋានសិទ្ធិមនុស្សជាតិនិងអន្តរជាតិ រួមទាំងគោលការណ៍ក្នុងការប្រើប្រាស់ ឬអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានទាំងនោះ។ បន្ថែមលើនេះ ឯកឧត្តមក៏បានបង្ហាញពីកិច្ចខិតប្រឹងប្រែងជាច្រើនរបស់រាជរដ្ឋាភិបាល ក្នុងការគោរពតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ដោយសង្កត់ធ្ងន់លើតួនាទីនិងភាកិច្ចរបស់ គ.ស.ម.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស។
ជាចុងក្រោយ បន្ទាប់ពីបានឆ្លើយតបនឹងសំណួរជាច្រើនរបស់អ្នកចូលរួម ឯកឧត្តម បានស្នើឱ្យអ្នកចូលរួមទាំងអស់ខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីគោលការណ៍និងលិខិតបទដ្ឋានសិទ្ធិមនុស្សជាតិនិងអន្ដរជាតិ ហើយរាល់ការតស៊ូមតិដើម្បីសិទ្ធិសេរីភាព ក៏ដូចជាការប្រើប្រាស់សិទ្ធិសេរីភាព ត្រូវស្ថិតនៅក្នុងព្រំដែនដែលច្បាប់បានកំណត់ ពោលគឺ មិនត្រូវប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃ សន្ដិសុខនិងសណ្ដាប់សាធារណៈ ប្រពៃណីទំនៀមទម្លាប់ល្អរបស់ជាតិ និងសុខភាពសាធារណៈ ជាដើម៕