សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់លើការរៀបចំផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៤-២០២៨

ឯកឧត្តម នាង សុរីដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់លើការរៀបចំផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៤-២០២៨ ដែលរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅសណ្ឋាគារ ប្រេស៊ីដង់ ខេត្តបាត់ដំបង នាថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គឹម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(ក.ជ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ មួយចំនួន។
សិក្ខាសាលាមានគោលបំណង៖
១. ពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៤-២០២៨
២. ចែករំលែកបទពិសោធ និងឧត្តមានុវត្តរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ
៣. យន្តការបង្ការទប់ស្កាត់ អន្តរាគមន៍ឆ្លើយតប និងកិច្ចការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ៕











