ឯកឧត្តម អ៊ិត រ៉ាឌី អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានសិទ្ធិមនុស្សនិងការឃុំខ្លួនបណ្តោះអាសន្ន
វគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានសិទ្ធិមនុស្សនិងការឃុំខ្លួនបណ្តោះអាសន្នបានប្រារព្ធធ្វើឡើងចំនួនពីរថ្ងៃ នៅសណ្ឋាគារ សាន់ អែន មូន រីវើសាយ ក្រោមអធិបតីភាពឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែ សីហា ២០២៤។ ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ជាការសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) និងការិយាល័យឧត្តមស្នងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR)។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្ដល់នូវចំណេះដឹងបន្ថែមជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមេធាវី នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពីបទដ្ឋានសិទ្ធិមនុស្សជាតិនិងអន្តរជាតិ ទាក់ទងនឹងការឃុំខ្លួនបណ្តោះអាសន្ន និងសិទ្ធិដែលអាចនឹងត្រូវបានរំលោភបំពាន ក្នុងអំឡុងពេលនៃការឃុំខ្លួនបណ្តោះអាសន្ន រួមទាំងសិទ្ធិរបស់ អនីតិជន។ ជាពិសេស ការបំពាក់បំប៉នចំណេះដឹងនិងឧបករណ៍ សម្រាប់មេធាវី គ.ស.ម.ក. ក្នុងការការពារកូនក្តី រួមទាំងករណីអនីតិជនផងដែរ។