ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិក គ.ស.ម.ក. បានចូលរួមក្នុងកិច្ចសន្ទនាកម្ពុជា-ជប៉ុន ស្តីពីសិទ្ធិមនុស្ស លើកទី១៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

រាជធានីភ្នំពេញ៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិក គ.ស.ម.ក. និង លោក ដុក ដុំ មន្ត្រី គ.ស.ម.ក. បានចូលរួមក្នុងកិច្ចសន្ទនាកម្ពុជា-ជប៉ុន ស្តីពីសិទ្ធិមនុស្ស លើកទី១៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតំណាងប្រតិភូជប៉ុន។
កិច្ចសន្ទនានេះមានគោលបំណងក្នុងការពិភាក្សា និងផ្លាស់ប្តូរយោបល់ស្តីពីការវិវត្តនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន ដោយផ្តោតលើផ្នែកសំខាន់ៗ រួមមាន៖ (១) លទ្ធិប្រជាធិបតេយ្យ (២) សេរីភាពបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម (៣) សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន (៤) ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ (៥) កំណែទម្រង់តុលាការ និងកម្មវិធីជំនួយផ្លូវច្បាប់ (៦) ការការពារសិទ្ធិជនងាយរងគ្រោះ (ស្ត្រី កុមារ ជនមានពិការភាព និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា) និង (៧) កិច្ចសហប្រតិបត្តិការអន្តរជាតិ៕




