ឯកឧត្តម វ៉ាន់ ច័ន្ទតារាបានចូលរួមជាវាគ្មិនក្នុងកម្មវិធីបទបង្ហាញស្ដីពី “យន្តការពិនិត្យការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
នៅព្រឹកថ្ងៃព្រហស្បតិ៍០៩ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ឯកឧត្តម វ៉ាន់ ច័ន្ទតារា សមាជិកនៃ គ.ស.ម.ក. បានចូលរួមជាវាគ្មិនក្នុងកម្មវិធីបទបង្ហាញស្ដីពី “យន្តការពិនិត្យការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៖ លទ្ធផលនៃការពិនិត្យការអនុវត្ត កតិកាសញ្ញាអន្តរជាតិពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ប្រទេសកម្ពុជា» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”)។
បទបង្ហាញនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីយន្តការពិនិត្យការអនុវត្ត សន្ធិសញ្ញាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាពិសេស កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងបង្ហាញអំពីលទ្ធផលនៃការពិនិត្យការអនុវត្តកតិកាសញ្ញានេះរបស់ប្រទេសកម្ពុជា។ ជាពិសេស ផ្តល់ឱកាសដល់អ្នក ចូលរួមពិភាក្សាឈ្វេងយល់ និងចែករំលែកបទពិសោធនៃការតស៊ូមតិក្នុងក្របខ័ណ្ឌយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ព្រមទាំងចូលរួមតាមដានដំណើរការអនុវត្តអនុសាសន៍តាមវិស័យនានាដែលប្រទេសកម្ពុជាទទួលបានពីគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ផងដែរ។