លោកជំទាវ ម៉េង មុនីរួត្ន ចូលរួមក្នុងកិច្ចសន្ទនាអាស៊ានស្ដីពី “ការធ្វើឱ្យអាស៊ីអាគ្នេយ៍ក្លាយជាតំបន់គ្មានទារុណកម្ម ឆ្នាំ២០២៤”
ឥណ្ឌូណេស៊ី៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) ក្នុងនាមតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR-អាយឆា) បានចាត់លោកជំទាវ ម៉េង មុនីរួត្ន សមាជិកា គ.ស.ម.ក. ចូលរួមកិច្ចសន្ទនាអាស៊ានក្រោមប្រធានបទ “ការធ្វើឱ្យអាស៊ីអាគ្នេយ៍ក្លាយជាតំបន់គ្មានទារុណកម្ម ឆ្នាំ២០២៤” នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងបានទែន ប្រទេសឥណ្ឌូណេស៊ី តបតាមការអញ្ជើញពីតំណាងឥណ្ឌូណេស៊ីប្រចាំអាយឆា។ កិច្ចសន្ទនាមានការអញ្ជើញចូលរួមពីសំណាក់តំណាងប្រទេសសមាជិកអាស៊ានប្រចាំអាយឆា អង្គភាពតាមវិស័យអាស៊ាន រដ្ឋសមាជិកអាស៊ាន ក្រសួងយុត្តិធម៌ពីបណ្តាប្រទេសសមាជិកអាស៊ាន ក្រសួងការបរទេសនៃប្រទេសមាជិកអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិ អង្គការសង្គមស៊ីវិល និងអង្គភាពអង្គការសហប្រជាជាតិផងដែរ។
ក្នុងកិច្ចសន្ទនានេះ លោកជំទាវ ម៉េង មុនីរួត្ន បានគូសបញ្ជាក់ថា កម្ពុជាចូលរួមយ៉ាងសកម្មជាមួយយន្តការសិទ្ធិមនុស្សអន្តរជាតិនិងតំបន់អាស៊ាន ហើយកម្ពុជាបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សចំនួន៨ ក្នុងចំណោម៩ ក្នុងនោះ កម្ពុជាបានចូលជារដ្ឋភាគីនៃ អនុសញ្ញាស្តីពីការប្រឆាំងនឹងការធ្វើទារុណកម្ម ការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទោកបន្ទាប (CAT Convention) នៅឆ្នាំ១៩៩២ ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៣៨ ហាមឃាតជាពិសេសចំពោះការធ្វើទារុណកម្ម និងការព្យាបាទដទៃទៀត។ ហើយប្រកាសថា ចម្លើយសារភាពដែលកើតទ្បើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងបញ្ជាក់អំពីពិរុទ្ធភាពទេ។
កិច្ចសន្ទនាអាស៊ាននេះ គឺជានេះជាសកម្មភាពរួមរវាងអាយឆា និងវេទិកាបណ្តាញស្ថាប័នជាតិសិទ្ធិមនុស្សអាស៊ីអាគ្នេយ៍ (SEANF) ក្នុងភាពជាដៃគូជាមួយនឹងមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ហ្សាការតា (JCLEC) និងក្រសួងការបរទេសនៃប្រទេសឥណ្ឌូណេស៊ី និងគាំទ្រដោយគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី និងស្ថានទូតស្វីសនៅទីក្រុងហ្សាការតា។ កិច្ចសន្ទនានេះ មានគោលបំណងផ្តល់នូវវេទិកាសម្រាប់ការចែករំលែកវិធានការនានា និងការកសាងសមត្ថភាពរបស់តួអង្គពាក់ព័ន្ធ ក្នុងការប្រើប្រាស់គោលការណ៍ Mendez ពិធីសារអ៊ីស្តង់ប៊ុល និងវិធានបាងកក ដោយប៉ូលីស និងភាគីពាក់ព័ន្ធផ្សេងទៀត៕