ឯកឧត្ដម ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់របស់អាយឆា លើកទី២

ឯកឧត្ដម ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់របស់អាយឆា លើកទី២ ស្តីពីសិទ្ធិទទួលបានការអភិវឌ្ឍ ដើម្បីលើកកម្ពស់សហគមន៍អាស៊ាន៖ ការសម្រេចបាននូវមាត្រា៣៥ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានឆ្នាំ២០១២ និងកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់របស់អាយឆា ដើម្បីផ្តល់ការគាំទ្រ ក្នុងការបង្កើតផែនការការងារ៥ឆ្នាំរបស់អាយឆា ឆ្នាំ២០២៦-២០៣០។
គូឡាឡាំពួរ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងប្រទេសកម្ពុជាប្រចាំអាយឆា បានចាត់តាំង ឯកឧត្ដម ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងរងប្រទេសកម្ពុជាប្រចាំអាយឆា និងលោកស្រី ភាព ស្រីទូច សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឱ្យចូលរួមក្នុងកិច្ចពិគ្រោះយោបល់របស់អាយឆា លើកទី២ ស្តីពីសិទ្ធិទទួលបានការអភិវឌ្ឍ ដើម្បីលើកកម្ពស់សហគមន៍អាស៊ាន៖ ការសម្រេចបាននូវមាត្រា៣៥ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានឆ្នាំ២០១២ និងកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់របស់អាយឆា ដើម្បីផ្តល់ការគាំទ្រ ក្នុងការបង្កើតផែនការការងារ៥ឆ្នាំរបស់អាយឆា ឆ្នាំ២០២៦-២០៣០ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ចំពោះកិច្ចពិគ្រោះយោបល់លើកទី២ ស្តីពីសិទ្ធិទទួលបានការអភិវឌ្ឍ គឺមានគោលបំណង (១) កំណត់អត្តសញ្ញាណបញ្ហាប្រឈម និងការលានុវត្តភាព ដើម្បីសម្រេចបានសិទ្ធិទទួលបានការអភិវឌ្ឍ (២) ពន្យល់បន្ថែមពីខ្លឹមសារបទដ្ឋាននៃសិទ្ធិទទួលបានការអភិវឌ្ឍ ដែលមានចែងក្នុងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និង (៣) ទទួលបាននូវធាតុចូល សម្រាប់សេចក្តីព្រាងបឋមនៃសេចក្តីប្រកាសអាស៊ាន ស្តីពីការលើកកម្ពស់សន្តិភាព កំណើនប្រកបដោយបរិយាបន្ន ការអភិវឌ្ឍប្រកបដោយចីរភាព និងសិទ្ធិទទួឡបានការអភិវឌ្ឍ។
ទន្ទឹមនឹងនេះ កិច្ចពិគ្រោះយោបល់ថ្នាក់តំបន់របស់អាយឆា ដើម្បីផ្តល់ការគាំទ្រ ក្នុងការបង្កើតផែនការការងារ៥ឆ្នាំរបស់អាយឆា ឆ្នាំ២០២៦-២០៣០ គឺមានគោលបំណងក្នុងការកំណត់នូវបញ្ហាប្រឈមគន្លឹះ និងការលានុវត្តភាព ក្នុងការជំរុញនូវតួនាទីរបស់អាយឆា សម្រាប់ផែនការការងារ៥ឆ្នាំរបស់អាយឆា ឆ្នាំ២០២៦-២០៣០។
ព្រឹត្តិការណ៍ទាំង២នេះ មានការអញ្ជើញចូលរួមពីអាយឆា តំណាងស្ថាប័នអាស៊ានតាមវិស័យ ស្ថាប័នសិទ្ធិមនុស្សជាតិ អង្គការសង្គមស៊ីវិល លេខាធិការដ្ឋានអាស៊ាន និងភាគីពាក់ព័ន្ធផ្សេងៗទៀត៕