កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២២
នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ដែលមានរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
កិច្ចប្រជុំនេះដឹកនាំដោយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកអាស៊ាន ទាំងអស់ប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ានផងដែរ។
គួររំលឹកផងដែរថា គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស គឺជាយន្តការមួយរបស់អាស៊ាន ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាន ហើយប្រទេសដែលជាជិកអាយឆា គឺមាន១០ ប្រទេស រួមទាំងកម្ពុជាផងដែរ។
កិច្ចប្រជុំនេះ នឹងធ្វើការពិនិត្យទៅលើ ១. របាយការណ៍ប្រចាំឆ្នាំរបស់ អាយឆា ទី២. កម្មវិធីអាទិភាពរបស់់អាយឆា ឆ្នាំ២០២៣ ទី៣. លើរបាយការណ៍វឌ្ឍនភាពនៃឯកសារទស្សទានស្ដីពី សកម្មភាព អាទិភាពរបស់ អាយឆា (២០១៩ -២០២២) ដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ សិទ្ធិជនមានពិការភាព សិទ្ធិជនជាតិដើមភាគតិច ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ អំពីហិង្សាប្រឆាំងនឹងនារីភេទនិងកុមារ ទឹកស្អាត ជាដើម។ បន្ថែមលើនេះ ឯកឧត្តម កែវ រ៉េមី ប្រធានអាយឆា នឹងដឹកនាំគណៈប្រតិភូអាយឆាជួបប្រជុំដាច់ដោយឡែកមួយ ជាមួយ ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ហើយនៅរសៀលថ្ងៃដដែលនោះ ឯកឧត្តមប្រធានអាយឆានឹងដឹកនាំគណៈប្រតិភូអាយឆា ចូលរួមប្រជុំក្នុងកិច្ចជំនួបប្រចាំឆ្នាំរវាងអាយឆាជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន។
















