The Cambodian Human Rights Committee and the OHCHR hold consultations with unions on the “Draft Law on the Organization and Functioning of the Cambodian National Human Rights Committee”

The Cambodian Human Rights Committee and the OHCHR hold consultations with unions on the “Draft Law on the Organization and Functioning of the Cambodian National Human Rights Committee” The Cambodian Human Rights Committee and the OHCHR hold consultations with unions on the “Draft Law on the Organization and Functioning of the Cambodian National Human Rights Committee”

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នេះ បានសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយសហជីពស្តីពី «សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា» ក្នុងគោលដៅប្រមូលធាតុចូលបន្ថែមពីខាងសហជីព និងភាគីពាក់ព័ន្ធនានា ដើម្បីធានាបាននូវតម្លាភាពនិងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

កិច្ចពិភាក្សានេះ បានធ្វើឡើងក្រោមអធិបតីភាពលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក Pradeep Wagle តំណាងOHCHR ដោយការចូលរួមពីតំណាងសហភាពសហជីពនៅកម្ពុជាប្រមាណ ៣០ ប្រព្រឹត្តទៅនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នាឱកាសនោះដែរលោក កែវ រ៉េមី បានឱ្យដឹងថា ការបង្កើតស្ថាប័នគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា គឺជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងឆន្ទៈលើកស្ទួយសិទ្ធិមនុស្ស ហើយគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាដែលនឹងបង្កើតឡើងនេះ គឺជាស្ថាប័នជាតិឯករាជ្យ អព្យាក្រឹត្យ ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស។

សេចក្តីព្រាងច្បាប់នេះ បានរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការសហការផ្ដល់ជាបច្ចេកទេសពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum-APF) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។ ច្បាប់នេះមាន៨ ជំពូក និង៣២ មាត្រា បង្កើតឡើងដើម្បីធានាការលើកតម្លៃសិទ្ធិមនុស្ស ដូចដែលអង្គការសហប្រជាជាតិបានកំណត់ និងស្របតាមគោលការណ៍ទីក្រុងប៉ារីស។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស និងដើម្បីឱ្យការគោរពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានប្រសិទ្ធិភាព ទើបអនុញ្ញាតឱ្យ គ.ស.ម.ក.ធ្វើសេចក្តីព្រាងច្បាប់នេះឡើង។

លោក Pradeep Wagle បានថ្លែងថា «ក្នុងនាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុលសិទ្ធិមនុស្សប្រចាំកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញ អំពីឆន្ទៈរបស់ការិយាល័យរបស់ខ្ញុំ នៅក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារ និងលើកស្ទួយសិទ្ធិមនុស្សសម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេសកម្ពុជា»។

ឯកឧត្តម ជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តដឹកនាំកិច្ចពិគ្រោះយោបល់នេះ និងបានស្នើអង្គសិក្ខាទាំងមូលចូលរួមផ្តល់ជាមតិយោបល់ ក៏ដូចជាធាតុចូលនានាក្នុងន័យស្ថាបនាសេចក្ដីព្រាងច្បាប់នេះឱ្យមានលក្ខណៈតម្លាភាព និងគ្រប់ជ្រុងជ្រោយ ដោយផ្តោតសំខាន់លើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ សំដៅធ្វើយ៉ាងណាឱ្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាដែលនឹងត្រូវបង្កើតឡើង គឺស្ថាប័នឯករាជ្យប្រកបដោយវិជ្ជាជីវ: និងធានានូវការការពារ លើកកម្ពស់ និងគោរពសិទ្ធិមនុស្ស ចំពោះប្រជាពលរដ្ឋគ្រប់រូបដោយមិនមានការរើសអើង។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះត្រូវបានរៀបចំរួចរាល់កាលពីខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានប្រកាសបើកឱ្យមានការផ្ដល់នូវធាតុចូលពីសាធារណៈជនទូទៅតាមរយៈហ្វេសហ៊ុកផេក https://www.facebook.com/chrc.gov.kh/ និង Telegram Channelមានឈ្មោះថា https://t.me/comment_on_NHRC_Law តាំងពីខែកក្កដា ឆ្នាំ២០២១ រហូតមក។ ទន្ទឹមនឹងនេះ ក៏មានការរៀបចំធ្វើកិច្ចពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ ហើយនេះគឺជាកិច្ចពិគ្រោះយោបល់លើកទី២ បន្ទាប់ពីការពិគ្រោះយោបល់លើកទី១បានរៀបចំធ្វើឡើងជាមួយអង្គការសង្គមស៊ីវិល។
អង្គសិក្ខាសាលា បានពិភាក្សាផ្តល់យោបល់ និងផ្តល់ធាតុចូលយ៉ាងសកម្មផុសផុលចំពោះមាត្រា និងជំពួកនីមួយៗ ក្នុងស្មារតីសាមគ្គីភាព និងស្និទ្ធស្នាល៕