ការទទួលយកអនុសាសន៍ UPR របស់ UN បានបង្ហាញពីឆន្ទៈរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស
ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការទទួលអនុសាសន៍ UPR របស់អង្គការសហប្រជាជាតិ គឺបានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស។
ការបញ្ជាក់របស់ ឯកឧត្តម កែវ រ៉េមី បានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយរបាយការណ៍ និងអនុសាសន៍ នៃយន្តការពិនិត្យជាសាកលតាមកាលកំណត់ (UPR) ជុំទី៣ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប និងឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាអភិបាលខេត្តសៀមរាប ព្រមទាំមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធជាង១០០នាក់ នាសណ្ឋាគារ អេមព្រឺសអង្គរ ខេត្តសៀមរាប។
មេសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការទទួលយកអនុសាសន៍ UPR នេះ គឺបានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការ ការពារ និងការលើកកម្ពស់សិទ្ធិមនុស្ស ហើយរដ្ឋាបាលភិបាលចាំបាច់ត្រូវធ្វើការផ្សព្វផ្សាយអនុសាសន៍ UPR នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យគ្រប់ក្រសួង មន្ទីរស្ថាប័នពាក់ព័ន្ធទាំងអស់ យកអនុសាសន៍នេះទៅអនុវត្ត ដើម្បីធ្វើឱ្យប្រសើរឡើងលើវិស័យសិទ្ធិមនុស្ស»។
គោលបំណងពីសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយអំពីរបាយការណ៍ UPR និងអនុសាសន៍ UPR ដែលកម្ពុជាទទួលយក។ បន្ថែមពីនេះ ប្រទេសកម្ពុជា បានឆ្លងរបាយការណ៍ UPR នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ដែលមានប្រទេសចំនួន ៧៣បានចូលរួម ដែលបានផ្តល់អនុសាសន៍ចំនួន១៩៨ ដោយប្រទេសកម្ពុជា បានទទួលយកអនុសាសន៍ចំនួន១៧៣ និងធ្វើការកត់សម្គាល់ចំនួន២៥។
ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា របាយការណ៍ UPR គឺជារបាយការណ៍ស្តីពីស្ថានភាពមនុស្សរបស់រដ្ឋដែលជាសមាជិក របស់អង្គការសហប្រជាតិ ដែលបណ្តារដ្ឋនីមួយត្រូវមានកត្តាកិច្ច ធ្វើរបាយការណ៍ ការពាររបាយការណ៍រយៈពេល ៤ ឬ៥ឆ្នាំម្តង ហើយកម្ពុជា បានធ្វើការការពាររបាយការណ៍លើកទី១ នៅឆ្នាំ២០០៩, លើកទី២ នៅឆ្នាំ២០១៤ និងលើកទី៣ នៅឆ្នាំ២០១៩។
ឯកឧត្តម កែវ រ៉េមី បានឱ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ការពារ ក៏ដូចជាការលើកស្ទួយសិទ្ធិមនុស្ស និងបានធ្វើឱ្យ ប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សដែលមានការទទួលស្គាល់ និងការវាយតម្លៃខ្ពស់ចំពោះកម្ពុជា។ ឧទាហរណ៍ ដូចជាការទទួលយកកតិការសញ្ញា និងអនុសញ្ញាចំនួន ០៩ លើ១១ ដែលប្រទេសកម្ពុជា ទទួលយក និងជាប្រទេសមួយដែលឈានមុខគេនៅក្នុងតំបន់អាស៊ាន។
ឯកឧត្តម កែវ រ៉េមី បានបន្តថា ការបើកឱ្យមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៩២ និងវត្តមានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន បានធ្វើឱ្យប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដែលបានបើកទូលាយលើបញ្ហាសិទ្ធិមនុស្ស ការគោរពកតិការសញ្ញា អនុសញ្ញា ច្បាប់រដ្ឋធម្មនុញ្ញ និងការគោរពច្បាប់នានា ព្រមទាំងសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ បានពួតដៃគ្នាគោរពសិទ្ធិ និងបានធ្វើឱ្យប្រសើរឡើងចំពោះស្ថានភាពសិទ្ធិមនុស្ស បន្ថែមពីនេះ ប្រទេសកម្ពុជានឹងមានរបាយការណ៍ជុំទី០៤ នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីដាក់ជូនអង្គការសហប្រជាជាតិ ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងអង្គសិក្ខាសាលានេះ ក៏បានលើកឡើងពីប្រធានបទចំនួន៣ រួមមានប្រធានបទទី១៖ របាយការណ៍ UPR របាយការណ៍ត្រួតពិនិត្យជាតិស្ករតាមការកំណត់, ប្រធានបទទី២៖ គឺខ្លឹមសារនៃរបាយការណ៍ UPR និងប្រធានបទទី៣៖ គឺការការពាររបាយការណ៍ UPR នៅអង្គការសហប្រជាជាតិ និងការទទួលយកអនុសាសន៍ជុំទី៣៕