ឯកឧត្តម អ៊ិត រ៉ាឌី អញ្ជើញជាអធិបតីក្នុង “សិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)”

ថ្ងៃសុក្រ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំ “សិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)” នៅសាលាខេត្តសៀមរាប។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពី សាលាដំបូងខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ពន្ធនាគារខេត្ត តំណាងអាជ្ញាធរស្រុក និងមន្រ្តីរាជការនៃមន្ទីរជុំវិញខេត្តសៀមរាបផងដែរ។
ឯកឧត្តមអ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានថ្លែងថា ប្រជាពលរដ្ឋមានសិទ្ធិពេញទីក្នុងការប្រកបរបរចិញ្ចឹមជីវិត សិទ្ធិទទួល បានការអប់រំ សិទ្ធិនយោបាយ និងសិទ្ធិបញ្ចេញមតិជាដើម។ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់មនុស្សអាចកើតមានដរាបណាប្រទេសជាតិមានសន្តិភាព ដូចនេះសូមឱ្យបងប្អូនទាំងអស់រួមគ្នាថែរក្សាឱ្យបាននូវសន្តិភាព។
ឯកឧត្តម អ៊ិត រ៉ាឌី បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបង្ហាញនូវឆន្ទៈមុតមាំក្នុងការគោរពសិទ្ធិមនុស្ស។ ឯកឧត្តមក៍បាន លើកឡើងថា កម្ពុជាបានឈានមុខគេក្នុងតំបន់ក្នុងការគោរពសិទ្ធិមនុស្ស តាមរយៈការមិនមានទោសប្រហារជីវិត ការទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សសំខាន់ចំនួន៨ ក្នុងចំណោម៩ ការទទួលយកអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពី សិទ្ធិមនុស្សនៅកម្ពុជា និងទទួលឱ្យមានការិយាល័យ OHCHR នៅកម្ពុជា។
សិក្ខាសាលានៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅដល់ថ្នាក់ក្រោមជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងសមិទ្ធផលធំៗក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសដើម្បីឱ្យអង្គភាពថ្នាក់ក្រោមជាតិ បានយល់កាន់តែច្បាស់ពីរបាយការណ៍ជាតិស្ដីពីកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ រួមនឹងសេចក្ដីសង្កេតសន្និដ្ឋាននៃរបាយការណ៍នេះ ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញឱ្យមានការចូលរួមអនុវត្តពីអង្គភាពថ្នាក់ក្រោមជាតិ នូវសេចក្ដីសង្កេតសន្និដ្ឋានទាំងនោះ ផងដែរ។
នៅទីបញ្ចប់ ឯកឧត្តម អ៊ិត រ៉ាឌី បាន ថ្លែង អំណរគុណចំពោះរដ្ឋបាលខេត្តសៀមរាប ចំពោះកិច្ចសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ដ៏មានសារៈសំខាននេះ។ ឯកឧត្តមក៏បានផ្ដាំផ្ញើ សិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្ដាប់ និងអាចសួរនូវសំណួរផ្សេងៗដែលពាក់ព័ន្ធនឹងរបាយការណ៍ជាតិនេះ រួមទាំងសំណួរលើប្រធានបទសិទ្ធិមនុស្សជាទូទៅ ផងដែរ៕







































