ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD)
ខេត្តស្វាយរៀង៖ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD) បានរៀបចំធ្វើឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្រោមកិច្ចសហការពីរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរជុំវិញខេត្ត រដ្ឋបាលសាលាខេត្ត ចៅក្រម តំណាងអយ្យការ កងរាជអាវុធហត្ថ នគរបាល ពន្ធនាគារ ជាពិសេសអ្នកនាំពាក្យតាមអង្គភាពនីមួយៗ នៃរដ្ឋបាលខេត្តស្វាយរៀង ។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលានៅពេលនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្តអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ រួមជាមួយការបង្ហាញពីយន្តការ វិធានការ ព្រមទាំងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសក្នុងក្របខណ្ឌនៃការលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជា។ ការធ្វើសិក្ខាសាលាផ្សព្វផ្សាយនេះ បង្ហាញឱ្យឃើញផងដែរពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ការផ្សព្វផ្សាយនេះ នឹងធ្វើឱ្យអង្គភាព ថ្នាក់ក្រោមជាតិបានយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើផ្នែកសិទ្ធិមនុស្ស ដើម្បីជាមូលដ្ឋានក្នុងឆ្លើយតបទៅកាន់មជ្ឈដ្ឋានមួយចំនួន ដែលបានលើកឡើងប្រាសចាកពីការពិតពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ធ្វើឱ្យសាធារណៈមតិមានការយល់ច្រឡំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល៕