ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ដ្រី បាននាំយកនិងចុះពិនិត្យសមិទ្ធផលសំខាន់ៗសម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួនពីរក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារថ្នាក់ជាតិ ដើម្បីនាំយកនិងចុះពិនិត្យសមិទ្ធផលសំខាន់ៗសម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួនពីរក្នុងស្រុកគាស់ក្រឡ គឺ ឃុំឆ្នាល់មាន់ និងឃុំព្រះផុស។
នៅក្នុងឃុំឆ្មាល់មាន់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងបានបើកការដ្ឋានកសាងផ្លូវមួយខ្សែប្រវែង ១ ៣០០ ម៉ែត្រ និងបានប្រគល់បង្គោលភ្លើងបំពាក់ជាមួយអំពូលសូឡាចំនួន ៣០ ដើម ដល់ប្រជាជននៅក្នុងឃុំផងដែរ។ ការកសាងផ្លូវ និងការប្រគល់ជូននូវអំពូលសូឡាបំភ្លឺផ្លូវនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ទាំងការធ្វើដំណើរទៅប្រកបកិច្ចការងារផ្សេងៗ និងការដឹកជញ្ជូនផលិតផលកសិកម្មជាដើម។
នៅឃុំព្រះផុស ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលប្រកបដោយភាពស្និទស្នាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំ និងបានពិនិត្យផ្ទាល់លើវឌ្ឍនភាពនៃការកសាងផ្លូវមួយខ្សែប្រវែងជាង ១៦ គីឡូម៉ែត្រ ក្រាលក្រួសក្រហម ដែលជាគម្រោងអភិវឌ្ឍន៍របស់ឃុំ ដោយពិនិត្យឃើញថា ក្រុមការងារកំពុងបំពេញការងារកសាងផ្លូវនេះយ៉ាងសកម្ម។
ជារួម ប្រជាពលរដ្ឋបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយជាពន់ពេក ជាមួយនឹងការសម្រេចបានសមិទ្ធផលជាបន្ដបន្ទាប់នៅតាមមូលដ្ឋាន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕


























