ឯកឧត្តម ជិន ម៉ាលីន បានដឹកនាំក្រុមការងាររបស់អគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ ប៊ុនថា

នៅថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមការចាត់តាំងរបស់ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ជិន ម៉ាលីន អនុប្រធានគណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជានិងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងាររបស់អគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ជំនួបនេះធ្វើឡើង ក្នុគោលបំណងពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស នៅតាមបណ្តាមណ្ឌលស្តារនីតិសម្បទា មណ្ឌលបន្សាបគ្រឿងញៀន មណ្ឌលសំចត និងមណ្ឌលកុមារកំព្រា ទូទាំងប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ជាលទ្ធផលភាគីទាំងពីរបានលើកយកបញ្ហា និងដាក់ចេញជាដំណោះស្រាយរួមគ្នា ដោយបានរៀបចំនូវយន្តការកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការធ្វើការត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅក្នុងមណ្ឌលទាំងនោះ ការនាំយកកូនតាមម្តាយ និងអនីតិជន ទៅរស់នៅ ទទួលការថែទាំ និងអប់រំនៅក្នុងមណ្ឌល៕