ឯកឧត្តមទេរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីជាមួយបងប្អូនប្រកបមុខរបរធាក់ស៊ីក្លូ

ឯកឧត្តមទេរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីជាមួយបងប្អូនប្រកបមុខរបរធាក់ស៊ីក្លូ ឯកឧត្តមទេរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីជាមួយបងប្អូនប្រកបមុខរបរធាក់ស៊ីក្លូ
រាជធានីភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី ជាមួយបងប្អូនប្រកបមុខរបរធាក់ស៊ីក្លូ នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រារព្ធខួបទី១១៤ នៃទិវាអន្តរជាតិនារី នៅភោជនីយដ្ឋានទន្លេបាសាក់២។ ចូលរួមក្នុងពិធីនេះដែរ រួមមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្រ្តីរាជការ មេធាវីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សិល្បករ សិល្បការិនី ព្រមទាំងបងប្អូនប្រកបមុខរបរធាក់ស៊ីក្លូប្រមាណ ជាង១៥០នាក់។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់បងប្អូនប្រកបមុខរបរធាក់ស៊ីក្លូ ដោយផ្តល់នូវការថែទាំសុខភាពដោយឥតគិតថ្លៃ និងបង្កើតមូលនិធិអភិរក្សថ្មីសម្រាប់អ្នកធាក់ស៊ីក្លូ។ ការបង្កើតមូលនិធិនេះ មិនត្រឹមតែជួយដល់ការរស់នៅរបស់បងប្អូនអ្នកស៊ីក្លូប៉ុណ្ណោះទេ តែក៏ជាការចូលរួមចំណែកអភិរក្សស៊ីក្លូដែលជាយានអត្តសញ្ញាណរបស់ខ្មែរតាំងពីសម័យបារាំងថែមទៀតផង។ ឯកឧត្តម ក៏បានលើកឡើងបន្ថែមទៀតថា ការដែលយកថ្ងៃអបអរសាទរខួបលើកទី១១៤ នៃទិវាសិទ្ធិនារីមកជួបជុំពិសាអាហារសាមគ្គីនេះគឺជាការចែករំលែកនូវសេចក្តីស្រឡាញ់ ជាមួយបងប្អូនដែលប្រកបមុខរបរធាក់ស៊ីក្លូនេះផងដែរ។ ព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្រ្តីមានសិទ្ធិនិងសេរីភាពស្មើគ្នានឹងបុរស ហើយមិនមែនមានសិទ្ធិតែក្នុងថ្ងៃនេះទេ។
ឯកឧត្តមបានបញ្ជាក់ថា ការជួបជុំគ្នាថ្ងៃនេះគឺបង្ហាញឱ្យឃើញពីទឹកសប្បុរស របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មេធាវីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសិល្បករ សិល្បការីនី ចំពោះបងប្អូន ប្រកបមុខរបរធាក់ស៊ីក្លូ និងបង្ហាញឱ្យឃើញផងដែរថា បងប្អូនប្រកបមុខរបរនេះ មិនមែននៅឯកោនោះទេ។ សកម្មភាពនេះ ជួយផ្សព្វផ្សាយអំពីស៊ីក្លូ ឱ្យមានការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិ ហើយក៏ជាការជួយអភិរក្សដល់ស៊ីក្លូកុំឱ្យមានការបាត់បង់ផងដែរ។
នៅក្នុងឱកាសនោះ បងប្អូនអ្នកធាក់ស៊ីក្លូ ក្នុងទឹកមុខរីករាយ បានសម្តែងនូវអារម្មណ៍ រំភើបឥតឧបមា និងសង្ឃឹមយ៉ាងមុតមាំថា ស៊ីក្លូនៅតែបន្តមានវត្តមាន នៅក្នុងប្រទេសកម្ពុជាជាបន្តតទៅ។
ជាចុងបញ្ចប់ឯកឧត្តមក៏បានផ្តល់ជូនបងប្អូនអ្នកប្រកបមុខរបរធាក់ស៊ីក្លូក្នុងម្នាក់ៗ ថវិការ ១៥.០០០រៀល ក្រមាមួយ និងបានពិសាអាហារៗឆ្ងាញ់ៗក្នុងបរិយាកាសយ៉ាងរីករាយនិងស្និទ្ធស្នាល៕

អត្ថបទទាក់ទង