ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៥

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៥ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៥
ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៥ ក្រោមប្រធានបទខួបទី ៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលរៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិធីនេះមានការចូលរួមពីបណ្តាអង្គទូតនានា តំណាង ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តំណាងក្រសួង ស្ថាប័ន មន្រ្តីរាជការនានា សមាគមន៍ឥន្ទធនូរកម្ពុជា និងថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា។ កម្មវិធីប្រព្រឹត្តិទៅនៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។លោកស្រី លី ពិសី នាយិកាប្រតិបត្តិសមាគមន៍ឥន្ទធនូរកម្ពុជា បានថ្លែងអំណរគុណដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាពិសេសឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលតែងតែគាំទ្រដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។
លោកស្រី ឈូក សីហា ប្រធានអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកុមារ។ អង្គការលោកស្រីបានធ្វើការជាមួយកុមារកំព្រានិងក្រីក្រ ហើយបានសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្នុងការទទួលកុមារតាមម្ដាយនៅពន្ធនាគារ យកមកចិញ្ចឹមបីបាច់ថែរក្សានិងផ្ដល់ការសិក្សាអប់រំ។
លោក ប៉េន សុផល ប្រធានសមាគមស្នាមញញឹមថ្មីក្តីសង្ឃឹមរបស់កុមារ បានធ្វើការកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងមិនដែលទុកកុមារដែលងាយរងគ្រោះចោលនោះទេ ជាពិសេស ណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តែងតែជួយឧបត្ថមជាប្រចាំ ដល់សមាគមរបស់លោក។
លោកស្រី រួអិលដា អិលហាច តំណាងការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានមានលើកឡើងថា ឆ្នាំនេះជាខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលជាលិខិតុបករណ៍សិទ្ធិមនុស្សដំបូង ដែលចែងអំពីសិទ្ធិនិងសេរីភាពជាមូលដ្ឋាន។ ហើយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត និងអង្គការសង្គមស៊ីវិលផ្សេងៗទៀតក្នុងការចូលរួមធ្វើយ៉ាងណាឱ្យមានការគោរព និងការលើកកំពស់សិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការណ៍នេះបន្តទៀត។ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ហើយនៅនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយកំណត់នូវអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលត្រូវចាប់ផ្ដើមអនុវត្តភ្លាមក្នុង ឆ្នាំ២០២៣ រួមមាន៖១.ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្រប ដណ្ដប់សុខភាពជាសកល,២.ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទូទាំងប្រទេស, ៣.ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន, ៤.ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ, ៥.ការដាក់ចេញនូវ យន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃ កសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង ៦. ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមជនបទ។ ជាការអបអរខួបទី៧៥នេះ រាជរដ្ឋាភិបាលបានយក “ការពង្រឹងកិច្ចគាំពារសង្គម” ជាការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិកដទៃទៀត ក្នុង គោលដៅលើកកម្ពស់ សកលភាពនិង ភាព មិន អាច កាត់ ផ្តាច់ ពី គ្នា បាននៃសិទ្ធិមនុស្ស និង ការ សម្លឹងឆ្នោះ ទៅ អនាគត៕

អត្ថបទទាក់ទង