ឯកឧត្តម កែវ រ៉េមី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចពិគ្រោះយោបល់លើកទី២ជាមួយសង្គមស៊ីវិល

ឯកឧត្តម កែវ រ៉េមី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចពិគ្រោះយោបល់លើកទី២ជាមួយសង្គមស៊ីវិល ឯកឧត្តម កែវ រ៉េមី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចពិគ្រោះយោបល់លើកទី២ជាមួយសង្គមស៊ីវិល
នៅព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី​ និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតី បើកកិច្ចពិគ្រោះយោបល់លើកទី២ជាមួយសង្គមស៊ីវិលស្តីពីការតាមដានលើ “សេចក្តីសង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការសិទ្ធិមនុស្ស លើរបាយការណ៍តាមកាលកំណត់លើកទី៣-យេនឌ័រ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ” ដែលសហការរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅសណ្ឋាគារសាន់ អែន មូន រីវើសាយ រាជធានីភ្នំពេញ។
កិច្ចពិគ្រោះយោបល់ រៀបចំឡើងក្នុងគោលបំណង (១)ពិភាក្សាអំពីផែនការអនុវត្តរបស់ក្រសួងពាក់ព័ន្ធ ទៅលើការអនុវត្តសេចក្តីសង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាពិសេសផ្នែកសមភាពយេនឌ័រ ដោយគិតគូពីអនុសាសន៍មុនៗរបស់គណៈកម្មាធិការ ស្តីពីអំពើហិង្សាផ្អែកលើយេនឌ័រ (២)កំណត់តួនាទី និងពិភាក្សាអំពីការទទួលខុសត្រូវរបស់ អង្គការសង្គមស៊ីវិល (CSOs) ទីភ្នាក់ងារ អង្គការសហប្រជាជាតិ និងអ្នកពាក់ព័ន្ធដទៃទៀត ក្នុងការគាំទ្រផែនការអនុវត្តរបស់ ក្រសួងពាក់ព័ន្ធ និង(៣)ពិភាក្សាអំពីជំហានបន្ទាប់ទាក់ទងនឹងផែនការផ្សព្វផ្សាយ និងការអនុវត្ត រួមទាំងការផ្តល់អាទិភាពលើអនុសាសន៍តាមប្រធានបទដែលត្រូវជជែកពិភាក្សាបន្ត និងធ្វើ សកម្មភាពរួមគ្នា រួមទាំងយុទ្ធនាការលើកកម្ពស់ការយល់ដឹងដែលអាចរៀបចំដោយក្រសួង អង្គការសង្គមស៊ីវិល និងស្ថាប័នអង្គការសហប្រជាជាតិ។
ឯកឧត្តម កែរ រ៉េមី បានលើកឡើងថា សមភាពយេនឌ័រនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការកើនឡើងនូវចំនួននិស្សិតស្រ្តីដែលបានបញ្ចប់ការសិក្សានៅថ្នាក់ឧត្តមសិក្សា។ បន្ថែមពីនេះ ឯកឧត្តម ក៏សង្កត់ធ្ងន់ថាវិស័យអប់រំគឺជាកត្តាចម្បងក្នុងការធានានូវសមភាពយេនឌ័រ និងប្រឆាំងនឹងអំពើហិង្សាលើស្រ្តីភេទ ដែលអាចធ្វើឱ្យគ្រប់គ្នាយល់ដឹងពីតម្លៃរបស់ស្រ្តីដែលពួកគាត់មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រតាមរយៈការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាននានាចំពោះស្រ្តី។
លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី តំណាងរបស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា ក្រសួងកិច្ចការនារីបានធ្វើកិច្ចការជាច្រើនក្នុងការងារបញ្ជ្រាបយេនឌ័រ ការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការប្រយុទ្ធប្រឆាំងការជួញដូរស្រ្តី និងការលើកកម្ពស់សិទ្ធិស្ត្រី។
លោកស្រី Roueida El Hage តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏បានលើកឡើងផងដែរថា កិច្ចពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល និងអង្គភាពរដ្ឋគឺជាគំរូល្អដែលត្រូវបានលើកទឹកចិត្ត និងមានសារៈសំខាន់ណាស់ដែលយើងរួមគ្នាលើកកម្ពស់និងការពារសិទ្ធិមនុស្ស។ ឆ្លៀតក្នុងឱកាសនេះ លោកស្រី ក៏បានបញ្ជ្រាបផងដែរនូវការអបអរសាទរខួបទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ធ្វើការបេ្ដជ្ញាក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស។ លោកស្រីបានលើកឡើងថា OHCHR នឹងត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ជាន់ខ្ពស់នៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
ក្នុងសិក្ខាសាលានេះផងដែរ លោកស្រី Camilla M. Ottosson ប្រធានការិយាល័យកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស៊ុយអែតប្រចាំភ្នំពេញ បានលើកផងដែរថា បញ្ហាយេនឌ័រនៅតែមានមិនថានៅប្រទេសណាក៏ដោយនៅលើសកលលោកយើងនេះ។ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមទាំងអស់គ្នាក្នុងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងភេទ និងលើកកម្ពស់ឱ្យមានសមភាពយេនឌ័រ ក៏ដូចជាព្យាយាមបញ្ចៀសអំពើហិង្សាប្រឆាំងរើសអើងស្រ្តីភេទ។
កិច្ចពិគ្រោះយោបល់នេះ ក៏ជាវេទិកាពិភាក្សាផ្លាស់ប្ដូរយោបល់រវាងស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងស្ថាប័នអង្គការសហប្រជាជាតិ ដោយបានបង្ហាញនូវផែនការអនុវត្តសេចក្ដីសង្កេតសន្និដ្ឋានពាក់ព័ន្ធនឹងយេនឌ័រ ទៅតាមសមត្ថកិច្ច និងវិស័យរៀងៗខ្លួន ព្រមជាមួយនឹងការលើកឡើងនូវអនុសាសន៍មួយចំនួនផងដែរ។ វេទិកានេះក៏បានផ្ដល់ជាឱកាសបើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីក្នុងទិសដៅធានាលើកកម្ពស់សមភាពយេនឌ័រក្នុងសង្គមខ្មែរឱ្យកាន់តែប្រសើរឡើង៕

អត្ថបទទាក់ទង