ឯកឧត្តម កែវ រ៉េមី បានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់នៃកម្មវិធីគំនិតផ្តួចផ្តើម «សិទ្ធិមនុស្ស៧៥»

នៅរសៀលថ្ងៃ សៅរ៍ ១២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃ ទី០៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់នៃកម្មវិធីគំនិតផ្តួចផ្តើម «សិទ្ធិមនុស្ស៧៥» នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ដែលរៀបចំដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ នៅ Palais des Nations ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ព្រឹត្តិការណ៍កម្រិតខ្ពស់នេះនឹងមានការចូលរួមពីប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ហើយកម្ពុជានឹងឡើងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល លើ “ការពង្រឹងការគាំពារសង្គម” ក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងរដ្ឋសមាជិកដទៃទៀត ក្នុងគោលដៅលើកកម្ពស់សកលភាព និងភាពមិនអាចកាត់ផ្តាច់ពីគ្នាបាននៃសិទ្ធិមនុស្ស និងការសម្លឹងឆ្ពោះទៅអនាគត់៕




