គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង បានសហការរៀបចំ”សិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)

នៅព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង បានសហការរៀបចំ “សិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR)” នៅសាលាខេត្ត បាត់ដំបង។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពី សាលាដំបូងខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ពន្ធនាគារខេត្ត តំណាងអាជ្ញាធរស្រុក និងមន្រ្តីរាជការនៃមន្ទីរជុំវិញខេត្តបាត់ដំបង ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា សិទ្ធិមនុស្សកើតទៅបានដរាបណាប្រទេសជាតិមានសន្តិភាព ដូចនេះសូមឱ្យបងប្អូនទាំងអស់រួមគ្នាថែរក្សាឱ្យបាននូវសន្តិភាព។ ឯកឧត្តមបានផ្តាំផ្ញើចំពោះសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ដើម្បីក្រេបជញ្ជក់យកនូវចំណេះដឹង អំពីសិទ្ធិមនុស្ស និងរួមគ្នាការពារសន្តិភាព ទើបយើងមានសិទ្ធិមនុស្ស។
ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបង្ហាញនូវឆន្ទៈមុតមាំក្នុងការគោរពសិទ្ធិមនុស្ស។ កម្ពុជាបានឈានមុខគេក្នុងតំបន់ក្នុងការគោរពសិទ្ធិមនុស្ស តាមរយៈការមិនមានទោសប្រហារជីវិត ការទទួលយកលិខិតតុបករណ៍សិទ្ធិមនុស្សសំខាន់ចំនួន៨ ក្នុងចំណោម៩ ការទទួលយកអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា និងទទួលឱ្យមានការិយាល័យ OHCHRនៅកម្ពុជា។
ឯកឧត្តមបានលើកឡើងបន្ថែមថា គោលបំណងនៃការផ្សព្វផ្សាយរបាយការណ៍ជាតិនេះ ដើម្យីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ រហូតទៅដល់ថ្នាក់ក្រោមជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងសមិទ្ធផលធំៗក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ការផ្សព្វផ្សាយរបាយការណ៍ជាតិនេះ ដើម្បីឱ្យអង្គភាពថ្នាក់ក្រោមជាតិ បានយល់កាន់តែច្បាស់ពីរបាយការណ៍ជាតិស្ដីពីកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ រួមនឹងសេចក្ដីសង្កេតសន្និដ្ឋាននៃរបាយការណ៍នេះ ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញឱ្យមានការចូលរួមអនុវត្តពីអង្គភាពថ្នាក់ក្រោមជាតិ នូវសេចក្ដីសង្កេតសន្និដ្ឋានទាំងនោះ ផងដែរ។ បន្ថែមពីនេះ ក៏ជាការបង្ហាញឱ្យឃើញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។
នៅទីបញ្ចប់ ឯកឧត្តម កែវ រ៉េមី បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តបាត់ដំបង ចំពោះកិច្ចសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមក៏បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្ដាប់ និងអាចសួរនូវសំណួរផ្សេងៗដែលពាក់ព័ន្ធនៅរបាយការណ៍ជាតិនេះ រួមទាំងសំណួរលើប្រធានបទសិទ្ធិមនុស្សជាទូទៅ ផងដែរ៕





























