ឯកឧត្តម នូ ស្ថាបត្យា បានដឹកនាំកិច្ចប្រជុំ ក្រុមការងារសរសេររបាយការណ៍ ដើម្បីពិនិត្យទៅលើសេចក្តីសង្កេតសន្និដ្ឋានដែលចេញដោយគណៈកម្មាធិ ការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌

នាព្រឹកថ្ងៃពុធ ១៥រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម នូ ស្ថាបត្យា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមសរសេររបាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារសរសេររបាយការណ៍ ដើម្បីពិនិត្យទៅលើសេចក្តីសង្កេតសន្និដ្ឋានដែលចេញដោយគណៈកម្មាធិ ការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីប្រតិភូកម្ពុជាបានទៅការពាររបាយការណ៍ផ្គួបលើកទី៥ ទី៦ និង ទី៧ របស់ខ្លួនកាលពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៧៣ នៃគណៈ កម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌កន្លងទៅនេះ។
កិច្ចប្រជុំក៏បានពិនិត្យនិងពិភាក្សាក្នុងការរៀបចំបែងចែកសេចក្តីសង្កេតសន្និដ្ឋានទៅតាមវិស័យ និងសមត្ថកិច្ចរបស់ក្រសួងស្ថាប័ន ពាក់ព័ន្ធ ដើម្បីពិនិត្យនិងអនុវត្ត។
ជាមួយគ្នានេះផងដែរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា រៀបចំសិក្ខាសាលាមួយក្នុងអំឡុងខែកញ្ញាខាងមុខ ដើម្បីផ្សព្វផ្សាយសេចក្តីសង្កេតសន្និដ្ឋានខាងលើ ទៅតំណាងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាពីការផ្សព្វផ្សាយ ការតាមដាន រួមទាំងយុទ្ធសាស្ត្រ និងតួនាទីសម្រាប់ធ្វើការតាមដានការអនុវត្តអនុសាសន៍ពីសំណាក់ដៃគូពាក់ព័ន្ធនានាផងដែរ៕












