ឯកឧត្តម កែវ រ៉េមី បានដឹកនាំកិច្ចប្រជុំគណៈប្រតិភូអន្តរក្រសួង ដែលត្រូវចូលរួមការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកល

នៅរសៀលថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈប្រតិភូអន្តរក្រសួង ដែលត្រូវចូលរួមការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់កម្ពុជា និង ដោយមានការចូលរួមពីតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ផងដែរ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធល្អៗនិងឧត្តមានុវត្ត ក្នុងការចូលរួមជាមួយយន្ដការ UPR សម្រាប់ គណៈប្រតិភូកម្ពុជាដែលត្រូវចូលរួមពិនិត្យរបាយការណ៍ UPR ជុំទី៤ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។
បន្ទាប់ពីមតិស្វាគមន៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី តំណាង OHCHR បានសម្ដែងនូវចំណាប់អារម្មណ៍ថា កម្ពុជាជាប្រទេសមួយដែលមានលក្ខណៈលេចធ្លោនិងជោគជ័យក្នុងការធ្វើរបាយការណ៍សិទ្ធិមនុស្សដែលកម្ពុជាជាប់កាតព្វកិច្ច និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនាបែបស្ថាបនាជាមួយយន្ដការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ។ កម្ពុជាក៏មានឧត្តមានុវត្តក្នុងកិច្ចសហការជាមួយក្រុមអង្គការសង្គមស៊ីវិលលើការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស រួមទាំងក្នុងដំណើរការនៃសរសេររបាយការណ៍សិទ្ធិមនុស្ស។ បន្ថែមលើនេះ តំណាង OHCHR ក៏បានសង្ខេបនិងឆ្លើយតបនឹងសំណួរមួយចំនួនពាក់ព័ន្ធនឹងដំណើរការនិងគោលការណ៍ផ្សេងៗនៃយន្ដការ UPR នៅក្នុងកិច្ចប្រជុំនេះផងដែរ។
នៅក្នុងកិច្ចប្រជុំ ក៏មានការចែករំលែកនូវបទពិសោធល្អៗក្នុងការចូលរួមយន្ដការនេះនាពេលកន្លងមក និងបានពិភាក្សាទៅលើឯកសារ ព្រមទាំងការតៀមលក្ខណៈផ្សេងៗរបស់គណៈប្រតិភូដើម្បីធានាថា ការចូលរួមពិនិត្យរបាយការណ៍ UPR ជុំទី៤ នឹងទទួលបានជោគជ័យ ពោលគឺ ត្រូវចាប់យកឱកាសនេះដើម្បីបង្ហាញឱ្យប្រទេសនានាជាសមាជិកអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ បានស្គាល់ពីកម្ពុជាពិត និងបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើវិស័យសិទ្ធិមនុស្ស។
ជារួម កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាលនិងការយោគយល់ ព្រមទាំងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីពេញចិត្តសម្រាប់គណៈប្រតិភូ៕











