លោកជំទាវ ឡុង សូនីតា ចូលរួមកិច្ចប្រជុំដើម្បីធ្វើប្រតិកម្មឆ្លើយតបទៅនឹងរបាយការណ៍របស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR)

នៅរសៀលថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមកិច្ចប្រជុំដើម្បីធ្វើប្រតិកម្មឆ្លើយតបទៅនឹងរបាយការណ៍របស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) នៅសាលប្រជុំខេត្តត្បូងឃ្មុំ ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងគោលបំណងពិភាក្សា ពិនិត្យ និងផ្តល់យោបល់ក្នុងការរៀបចំធ្វើប្រតិកម្មឆ្លើយតបទៅនឹងរបាយការណ៍របស់ការិយាល័យឧត្តមស្នងការ សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។ ក្នុងរបាយការណ៍របស់ OHCHR នេះ បានបង្ហាញទិន្នន័យប៉ាន់ស្មានដែលគ្មានមូលដ្ឋាន និងទឡ្ហីករណ៍ច្បាស់លាស់ថា មានមនុស្ស ចំនួន ១០០ ០០០ នាក់ ក្នុងប្រទេសកម្ពុជាអាចស្ថិតក្នុងស្ថានភាពដែលត្រូវគេបង្ខំឱ្យធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញខុសច្បាប់ ដែលចេញពីល្បែងខុសច្បាប់ រហូតដល់ការឆបោកតាម Crypto។ ព្រមជាមួយនោះ របាយការណ៍ក៏បានបង្ហាញ នូវប្រទេសដទៃទៀត ដូចជា មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន និងថៃ ដែលកំណត់បានថាជាប្រទេសគោលដៅ និងសំចត៕






