ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ ស្មារតីតស៊ូប្រយុទ្ធក្នុងសមរភូមិការពារជាតិលើកនេះ គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងក្លាហានបំផុត សម្រាប់បណ្តុះមនសិការស្នេហាជាតិដល់យុវជនជំនាន់ក្រោយ

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ ស្មារតីតស៊ូប្រយុទ្ធក្នុងសមរភូមិការពារជាតិលើកនេះ គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងក្លាហានបំផុត សម្រាប់បណ្តុះមនសិការស្នេហាជាតិដល់យុវជនជំនាន់ក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ ស្មារតីតស៊ូប្រយុទ្ធក្នុងសមរភូមិការពារជាតិលើកនេះ គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងក្លាហានបំផុត សម្រាប់បណ្តុះមនសិការស្នេហាជាតិដល់យុវជនជំនាន់ក្រោយ
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដឹកនាំគណៈប្រតិភូគ.ស.ម.ក. អញ្ជើញទៅសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ព ដែលបានរងរបួសក្នុងពេលការបំពេញបេសកកម្មការពារជាតិ បូរណភាពទឹកដី និងប្រជាជនខ្មែរពីការឈ្លានពានរបស់សៀម និងកំពុងទទួលបានការថែទាំព្យាបាលនៅមន្ទីរពេទ្យបង្អែកសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤ នៅខេត្តសៀមរាប។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បាននាំមកនូវសារសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ ដែលរួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះបងប្អូនវីរកងទ័ពនិងក្រុមគ្រួសារទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ថា វត្តមានរបស់ថ្នាក់ដឹកនាំនៅពេលនេះ គឺជាសក្ខីភាពនៃការដឹងគុណ និងការលើកទឹកចិត្តចំពោះពលិកម្មដ៏ធំធេងរបស់វីរកងទ័ព និងក្រុមគ្រួសារ ដែលហ៊ានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាពីការឈ្លានពានដ៏ព្រៃផ្សៃ និងមិនឈប់ឈររបស់សត្រូវ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងសង្កត់ធ្ងន់ថា ស្មារតីតស៊ូប្រយុទ្ធក្នុងសមរភូមិការពារជាតិលើកនេះ គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងក្លាហានបំផុត សម្រាប់បណ្តុះមនសិការស្នេហាជាតិដល់យុវជនជំនាន់ក្រោយ។ វីរភាពនេះហើយ ដែលបាន និងកំពុងជំរុញឱ្យប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ឱ្យមានការគោរពកោតសរសើរ និងរួបរួមសាមគ្គីគ្នាជាធ្លុងតែមួយជាមួយរាជរដ្ឋាភិបាល ក៏ដូចជាឈរនៅខាងក្រោយខ្នងជានិច្ច ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខដែលកំពុងប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ។
ជាការចូលរួមចំណែកសម្រាលការលំបាក និងលើកទឹកចិត្ត ឯកឧត្តម កែវ រ៉េមី បានប្រគល់ជូននូវអំណោយសួរសុខទុក្ខដល់វីរកងទ័ព និងក្រុមគ្រួសារ ដែលរួមមានគ្រឿងឧបភោគបរិភោគដូចជា អង្ករ មី ត្រីងៀត ក្រម៉ា ព្រមទាំងថវិកាមួយចំនួនផងដែរ៕

អត្ថបទទាក់ទង