គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូន ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូន ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ) គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូន ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)
នាព្រឹកថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូន ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ដោយមានការចូលរួមពី ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិកា តំណាងឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំនិងមន្ត្រី នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ការចុះមកនេះ ក្នុងគោលបំណងពិនិត្យមើលអំពីស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់ជនរងគ្រោះ ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលនេះ ដោយផ្តោតលើ ការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះ ការថែទាំសុខភាព ការផ្គត់ផ្គង់ម្ហូបអាហារ ការអប់រំបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ និងស្តារនីតិសម្បទា ដើម្បីធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានធ្វើ្វការកោតសរសើរដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយភាពឆ្លាតវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ តាមរយៈការដាក់ចេញនូវគោលនយោបាយជាអាទិភាព ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងការអភិវឌ្ឍវិស័យសង្គមកិច្ច ជាអាទិភាពសំខាន់ផ្តោតលើ «ការអភិវឌ្ឍមូលធនមនុស្ស» ក្នុងមុំទី៤ ស្តីពីការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ដែលឈរក្នុងស្មារតីដ៏មានសារសំខាន់ ពោលគឺមិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ។ ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ស្រ្តីជនជាប់ឃុំ ដែលមានផ្ទៃពោះ និងមានកូនតាមម្តាយ ដោយត្រូវមើលថែ និងយកចិត្តទុកដាក់ចំពោះគាត់ផងដែរ។ ក្នុងនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ឲ្យយកចិត្តទុកដាក់បន្ថែមទៀត អំពីស្ថានភាពការរស់នៅរបស់ជនរងគ្រោះ ជាពិសេសប្រកាន់ខ្ជាប់ និងគោរពតាមលិខិតបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជាជារដ្ឋភាគី ព្រមទាំងកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ ស្វែងរកក្រុមគ្រួសាររបស់គាត់ ដើម្បីធ្វើសមាហរណកម្មពួកគាត់ចូលក្នុងសង្គមវិញឲ្យបានឆាប់តាមដែលអាចធ្វើបាន ហើយឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់បងប្អូនដែលរស់នៅទីនេះ ខិតខំព្យាបាល ថែរក្សាខ្លួន និងព្យាយាមហាត់ប្រាណជាប្រចាំ ដើម្បីបានជាសះស្បើយ មានសុខភាពល្អ និងអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារឆាប់ៗ។
ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានធ្វើការថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់លើការគ្រប់គ្រង និងការរស់នៅរបស់ជនរងគ្រោះក្នុងមជ្ឈមណ្ឌលឲ្យកាន់តែប្រសើរ។ ក្នុងនោះផងដែរ ឯកឧត្តម កែវ រ៉េមី ក៏បាននាំយកនូវអំណោយជាឱសថ និងគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនសម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌល និងបានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់តាមបន្ទប់ស្នាក់នៅ និងប៉ុស្តិ៍សុខភាពផងដែរ៕

អត្ថបទទាក់ទង