ឯកឧត្តម កត្តា អ៊ន និងសហការី ឱ្យជួបពិភាក្សាការងារជាមួយក្រុមការងារ ROCK
នៅព្រឹកថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ តបតាមសំណើរបស់ប្រធានសម្របសម្រួល នៃអង្គការសហគមន៍ឥន្ទធនូកម្ពុជា (ROCK) ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំងឯកឧត្តម កត្តា អ៊ន សមាជិក គ.ស.ម.ក. និងសហការី ឱ្យជួបពិភាក្សាការងារជាមួយក្រុមការងារ ROCK នៅសាលប្រជុំ គ.ស.ម.ក.។
កិច្ចជំនួបនេះ រៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យតំណាងក្រុមការងារ ROCK ធ្វើបទបង្ហាញនៃការស្រាវជ្រាវពាក់ព័ន្ធនឹងច្បាប់របស់ប្រទេសមួយចំនួន ដែលអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់អ្នកមានភេទដូចគ្នា។ បន្ថែមលើនេះ កិច្ចជំនួបក៏បានជជែកពិភាក្សាលើស្ថានភាពវិវឌ្ឍន៍ថ្មីៗពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលធ្វើឱ្យមានការទទួលស្គាល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងមានការកាត់បន្ថយគួរឱ្យកត់សម្គាល់នូវការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។
ក្នុងជំនួបនេះក៏បានពិភាក្សាពីការបន្ដកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង ROCK លើការលើកកម្ពស់ និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ផងដែរ៕






