ឯកឧត្តម កែវ រ៉េមី ទេស រដ្ឋមន្ត្រី ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡអញ្ជើញចែកសម្ភារៈសិក្សាដល់កុមារ ៥០០នាក់ នៅស្រុកគាស់ក្រឡ

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញចុះចែកសម្ភារៈសិក្សាជូនដល់ក្មួយៗកុមារ និងសិស្សានុសិស្សចំនួន ៥០០នាក់ មកពីឃុំទាំង៦ទូទាំងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងគោលបំណង អបអរសាទរ ទិវា សិទ្ធិ កុមារ អន្តរជាតិ ១ មិថុនា ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់នូវការយកចិត្តទុកដាក់ក្នុងការការពារនិងលើកកម្ពស់សិទ្ធិនិងសេរីភាពទាំងឡាយរបស់កុមារ ជាពិសេសសិទ្ធិជាមូលដ្ឋានសំខាន់ទាំងបួនដែលកុមារត្រូវតែទទួលបានគឺ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិក្នុងការអភិវឌ្ឍន៍ និងសិទ្ធិក្នុងការចូលរួម។ ការលើកកម្ពស់និងការការពារកុមារ គឺជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តច្បាប់អន្តរជាតិនានា ជាពិសេសអនុសញ្ញាសិទ្ធិកុមារ និងពិធីសារបន្ថែម ការរៀបចំច្បាប់ គោលនយោបាយ និងវិធានការនានា សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់កុមារនិងកិច្ចការពារជាពិសេសសម្រាប់កុមារ ដើម្បីរស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍ។ សិទ្ធិជាមូលដ្ឋានរបស់កុមារ សេរីភាព ក៏ដូចជាសិទ្ធិផ្សេងៗទៀត អាចកេីតមានទៅបានគឺដោយសារកត្តាសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កែវ រ៉េមី ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ជូនដល់អាណាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមន្ត្រី មូលដ្ឋានស្រុកគាស់ក្រឡ និងបានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ ស្រុក ដែលបានយកចិត្តទុក្ខដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកគាស់ក្រឡ។ ពិធីសំណេះសំណាលនេះត្រូវបានធ្វេីឡេីងថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោងឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕




































