សិក្ខាសាលាផ្សព្វផ្សាយ « សេចក្តីអង្កេតសន្និដ្ឋាននៃរបាយការណ៍លើកទី ២ របស់ប្រទេសកម្ពុជា ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសេដ្ឋកិច្ច សង្គមនិងវប្បធម៌»

នៅព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ «សេចក្តីអង្កេតសន្និដ្ឋាននៃរបាយការណ៍លើកទី ២ របស់ប្រទេសកម្ពុជា ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់។ សិក្ខាសាលានេះសហការរៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដែលមានការចូលរួមពី ក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងស្ថាប័ននីតិប្បញ្ញត្តិ តំណាងសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងស្ថានទូត សរុប ១០៤នាក់។
សិក្ខាសាលាធ្វើឡើងក្នុងគោលបំណងប្រមូលផ្តុំតំណាងស្ថាប័ននៃ រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាពីការផ្សព្វផ្សាយនៃសេចក្ដីអង្កេតសន្និដ្ឋាន និងតួនាទីសម្រាប់ធ្វើការតាមដានការអនុវត្តអនុសាសន៍ពីសំណាក់ដៃគូពាក់ព័ន្ធនានា ទន្ទឹមនេះក៏ជាការចែករំលែកនូវផែនការក្នុងការអនុវត្តសេចក្តីអង្កេតសន្និដ្ឋានពីតំណាង ក្រសួង ស្ថាប័ន ផងដែរ។
អ្នកស្រី Roueida Adel El Hage តំណាង OHCHR ប្រចាំកម្ពុជា បានលើកឡើងថា OHCHR គាំទ្ររដ្ឋភាគីដើម្បី ទី១).បំពេញកាតព្វកិច្ចចំពោះសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាមរយៈគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធដែលគាំទ្រដល់ការអនុវត្តសិទ្ធិទាំងនេះ ទី២).ពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីចាត់វិធានការលើបញ្ហាវិសមភាព និងការរើសអើងចំពោះក្រុមជាក់លាក់ដូចជាជនជាតិដើមភាគតិច ជនមានពិការភាព មនុស្សចាស់ ស្ត្រី និងកុមារី តាមរយៈការពង្រឹងច្បាប់ គោលនយោបាយស្ថាប័ន និងការអនុវត្តនានា ទី៣).ធានាបាននូវបរិយាកាសអំណោយផល តាមរយៈបណ្តាញសម្រាប់ការចូលរួមប្រកបដោយអត្ថន័យ និងបរិយាប័ន្ន ទី៤).ធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដើម្បីតម្រឹមគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុជាមួយនឹងសិទ្ធិមនុស្ស។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធានាលើកម្មវិធីនយោបាយអាទិភាពចំនួន៦ និងដោះស្រាយបញ្ហាប្រឈមអាទិភាពចំនួន៥គឺ ១).ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ២).ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ៣).ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ៤). ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ៥).ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ ៦).ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងសិទ្ធិវប្បធម៌ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៩២។ កម្ពុជា បាន ដាក់របាយការណ៍តាមកាលកំណត់លើកទី២ នៅខែកញ្ញា ឆ្នាំ២០១៩ ហើយគណៈកម្មាធិការបានពិនិត្យនៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានចេញជាសេចក្តីអង្កេតសន្និដ្ឋាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សម្រាប់កម្ពុជាអនុវត្ត។ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសឈានមុខគេក្នុងតំបន់អាស៊ាន ដោយបានផ្តល់សច្ចាប័ន និងចូលជាសមាជិកសន្ធិសញ្ញសិទិ្ធមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោមសន្ធិសញ្ញាសំខាន់ៗចំនួន៩ រួមទាំងពិធីសារបន្ថែមចំនួន៤ទៀតផងដែរ។ បន្ថែមលើនេះ កម្ពុជាក៏បានបន្តអនុញ្ញាតឱ្យមានការិយាល័យឧត្តម ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអ្នករាយការពិសេសទទួលបន្ទុក សិទ្ធិមនុស្សកម្ពុជា ហើយតែងទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នករាយការពិសេសតាមវិស័យជាបន្តបន្ទាប់តាមការស្នើសុំ។ កត្តាធំៗទាំងនេះ គឺជាភស្តុតាង និងសក្ខីកម្មយ៉ាងរឹងមាំនិងមិនអាចប្រកែកបាន អំពីសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាសត្យានុម័ត ដូចយើងបាន និងកំពុងឃើញជាក់ស្ដែង៕



















