ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ជួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយតំណាងសហគមន៍អន្តរជាតិ
ក្នុងឱកាសដំណើរបេសកកម្មសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយតំណាងសហគមន៍អន្តរជាតិ។ ក្នុងចំណោមជំនួបទាំងនោះ គណៈប្រតិភូកម្ពុជាបានជួបជាមួយលោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដើម្បីបង្ហាញយ៉ាងច្បាស់អំពីស្ថានភាពពិតនៃការរស់នៅរបស់ប្រជាជនកម្ពុជាប្រមាណ ៨០,០០០ នាក់ នៅតាមតំបន់ព្រំដែនកម្ពុជា–ថៃ។
ក្នុងជំនួបនេះ គណៈប្រតិភូកម្ពុជាបានបញ្ជាក់ពីការលំបាក និងបញ្ហាប្រឈមដែលប្រជាពលរដ្ឋកំពុងប្រឈមមុខ ដោយសារតែពួកគេមិនអាចវិលត្រឡប់ទៅរស់នៅក្នុងលំនៅឋាន និងសហគមន៍ដើមរបស់ខ្លួនបាន ដោយសកម្មភាពឈ្លានពានពីភាគីកងទ័ពថៃនៅតែបន្ត ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិ ជាពិសេសសិទ្ធិមានលំនៅឋានសមរម្យរបស់ប្រជាជនរដ្ឋកម្ពុជា។







