លោក កែវ រ៉េមី ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​គណៈ កម្មាធិការ​សិទ្ធិ​មនុស្ស ដើម្បី​តទល់​ការ​រិះគន់​

លោក​កែវរ៉េមីរដ្ឋ​លេខាធិការ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តីដែល​ធ្លាប់​ជា​អតីត​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងត្រូវ​បាន​ព្រះមហា​ក្សត្រសម្តេច​ព្រះ​បរមនាថនរោត្តមសីហមុនីត្រាស់​បង្គាប់​តែង​តាំង​ជា​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ជំនួស​លោក ម៉ក់ សម្បត្តិ ដែល​ត្រូវ​បាន​​តែង​តាំង​ជា​អនុ​រដ្ឋ​លេខាធិការ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​វិញ។

តាម​រយៈ​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ លោក​ កែវ រ៉េមី ដែល​ជា​អនុប្រធាន ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋ​មន្រ្តី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន។ លោក​បាន​បដិសេធ​អធិប្បាយ​ជុំវិញ​ការ​គ្រប់គ្រង​តំណែង​ថ្មី​នេះ កាល​ពី​ម្សិលមិញ ខណៈ​ដែល​លោក គ្រោង​នឹង​ធ្វើ​សន្និសីទ​កាសែត ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក។

តាមរយៈ​ឯកសារ​ពាក់ព័ន្ធ លោក កែវ រ៉េមី កើត​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ១៩៦៣។ លោក បាន​ចូល​ប្រឡូក​ក្នុង​នយោបាយ​ដំបូង ជាមួយ​នឹង​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច។ លោក ត្រូវ​បាន​ស្គាល់​ថា ជា​កូន​ប្រសារ​របស់​លោក ឈឹម សៀកឡេង ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់ ស្និទ្ធ​នឹង​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៩៥ ស្រប​ពេល​ដែល​លោក​ សម រង្សុី បាន​ចាក​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ រ៉េមី ក៏​បាន​ចេញ​ពី​ហ៊្វុនស៊ិនប៉ិច ទៅ​បង្កើត​គណបក្ស​ជាតិ​ខ្មែរ ជា​មួយ​លោក សម រង្សុី បន្ទាប់​មក គណបក្ស​នោះ ក៏​បាន​ប្តូរ​ឈ្មោះ​ជា​ គណបក្ស សម រង្សុី វិញ។

តាម​រយៈ​លទ្ធផល​បោះឆ្នោត ឆ្នាំ​១៩៩៨ លោក កែវ រ៉េមី បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​របស់​គណបក្ស សម រង្សុី និង​បន្ត​ជាប់​ឆ្នោត​ជា​ថ្មី ក្នុង​នាម​ជា​តំណាង​រាស្ត្រគណបក្ស សម រង្សុី ដដែល នៅ​ឆ្នាំ​២០០៣។ តែក្រោយ​មក នៅ​ឆ្នាំ​២០០៧ លោក បាន​ចេញ​ពី​គណបក្ស សម រង្សុី ទៅចូលរួម​ជាមួយ​គណ​បក្ស​សិទ្ធិ​មនុស្ស របស់​លោក កឹម សុខា វិញ តែ​មិន​បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨ ឡើយ ទើប​លោក​សម្រេច​ចាក​ចេញ​ពី​លោក កឹម សុខា និង​មក​ចូលរួម​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា វិញ។

លោក កែវ រ៉េមី ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បន្ត​ដល់​បច្ចុប្បន្ន បន្ថែម​លើ​មុខងារ​ជា​ច្រើន​ទៀត រួមមាន អនុ​ប្រធាន​អង្គ​ភាព​ព័ត៌​មាន និង​ប្រតិកម្ម​រហ័ស នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដើម្បីឆ្លង​ឆ្លើយ​នឹង​គណបក្ស​ប្រឆាំង ព្រម​ទាំង​សង្គម​ស៊ីវិល​ជាដើម។ រហូត​ដល់​ឆ្នាំ២០១០ លោក ក៏​ត្រូវ​បាន​រាជ​រដ្ឋាភិបាល តែង​តាំង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន។ ក្រោយ​មក​ទៀត លោក ក៏​ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស នៅ​ខែ​ឧសភា ឆ្នាំ​២០១៥។

បើ​តាម​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​​បាន​និយាយ​ថា មុខ​តំណែង​ថ្មី​របស់​លោក កែវ រ៉េមី គឺ​ជា​ការ​ចាត់​តាំង​របស់​ព្រះមហាក្សត្រ និង​កើត​ចេញ​ពី​ទំនុក​ចិត្ត​របស់​ថ្នាក់​ដឹកនាំ។
លោក ម៉ក់ សម្បត្តិ បាន​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​លោក​ត្រូវ​បាន​បញ្ចប់​មុខងារ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ក៏ត្រូវ​បាន​តែង​តាំង​ជា​អនុ​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្រ្តី។

លោក​ថា៖ «នេះ​ជា​តំណែង​ថ្មី​សម្រាប់​ខ្ញុំ តំណែង​ខ្ញុំ​បាន​ប្រកាស​រួច​ហើយ ការ​ផ្លាស់​ប្តូរ​អត់​មាន​មូល​ហេតុ​អី​ទេ អត់​មាន​អី​ទេ​ប្អូន… (លោក កែវ រ៉េមី) មាន​សមត្ថភាព​គ្រប់គ្រាន់…»។

យោង​តាម​អនុក្រឹត្យ​ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា គណៈ​កម្មា-ធិការ​​នេះ មាន​តួនាទី​ជួយ​ដល់​រាជរដ្ឋាភិបាល ដើម្បី​រក្សា​ការពារ អភិវឌ្ឍ និង​លើក​តម្កើង​វិស័យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ គណៈ​កម្មការធិការ​នេះ ក៏​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​រាល់​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ពាក្យ​បណ្តឹង​តវ៉ា​នានា ស្រាវជ្រាវ​អង្កេត​ករណី​នានា ឬ​ធ្វើ​ការ​វាយ​តម្លៃ​ការ​ស្រាវជ្រាវ​អង្កេត​របស់​សមត្ថកិច្ច ឬ​សហការ​ស្រាវជ្រាវ​ជា​មួយ​សមត្ថកិច្ច និង​ផ្សព្វផ្សាយ​ជូន​សាធារណជន ត្រួត​ពិនិត្យ​តាម​មូលដ្ឋាន ដើម្បី​វាយ​តម្លៃ និង​ផ្តល់​ឱវាទ​អំពី​សិទ្ធិ​មនុស្ស អប់រំ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​មនុស្ស ផ្តល់​យោបល់ និង​​លើក​សំណើ​ជូន​រាជរដ្ឋាភិបាល អំពី​សភាពការណ៍​សិទ្ធិ​មនុស្ស សំដៅ​កែ​លម្អ​ជា​ដើម។

កន្លង​ទៅ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ធ្លាប់​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មួយ​ចំនួន រិះគន់​ជុំវិញ​ការ​គាប​សង្កត់​លើ​សេរីភាព​បញ្ចេញ​មតិ ការ​ប្រមូល​ផ្តុំ​ដែល​មាន​ការ​រឹត​បណ្តឹង និង​ការ​យាយី​ពី​សំណាក់​អាជ្ញាធរ​ផង​ដែរ។ តាម​របាយការណ៍​របស់ អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ ​កម្រាស់​១២៤​ទំព័រ ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៥ ​នេះ បាន​រក​ឃើញ​ថា នៅ​ពេល​ប្រជាពលរដ្ឋ ឬ​កម្មករ​ចេញ​តវ៉ា​រឿង​អយុត្តិ​ធម៌​ក្នុង​សង្គម រដ្ឋាភិបាល​តែងតែ​ប្រើ​កម្លាំង​ហួស​ហេតុ មិន​សមាមាត្រ​ទៅ​ស្ថានការណ៍​ជាក់​ស្តែង ។

របាយការណ៍​ដដែល​នេះ បាន​លើក​ឡើង​ថា កម្ពុជា ​មិន​បាន​គោរព​សិទ្ធិមនុស្ស​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ ដែល​ក្នុង​កម្ពុជា​ ជា​ភាគី​ហត្ថលេខី​នៅ​អង្គការ​សហ​​ប្រជាជាតិ ក្នុង​ការ​ធានា​សេរីភាព​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​ជាដើម ។​ Amnesty International ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​​​ការគោរព​សិទ្ធិមនុស្ស ​ក្នុង​ការប្រមូលផ្តុំ​ដោយ​សន្តិវិធី និង​ការអនុវត្ត​ច្បាប់​ឲ្យមាន​ប្រសិទ្ធភាព ព្រមទាំងបញ្ចប់​នូវ​ការប្រើ​កម្លាំង​ហួសហេតុ​ ក្នុង​ការ​បង្ក្រាប​​រាល់​ការប្រមូលផ្តុំ ធានា​ប្រព័ន្ធ​តុលាការ​ឯករាជ្យ បញ្ចប់​និទណ្ឌភាព ដើម្បីឲ្យ​ស្រប​តាម​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ៕

អត្ថបទទាក់ទង