ឯកឧត្តម កែវ រ៉េមី អញ្ជើញជួបសំណេះសំណាលជាមួយកីឡាករអត្តពលកម្ម ឈុន ប៊ុនថន
នៅរសៀលថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករអត្តពលកម្ម ឈុន ប៊ុនថន ដែលទទួលបានមេដាយមាសលើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ ផ្នែកបុរស នារសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកដួង មាសចំរើន ប្រធានសហព័ន្ធខែ្មរកីឡាអត្តពលកម្មស័្មគ្រចិត្ត បានមានប្រសាសន៍ថា នេះជាមោទកភាពខ្លាំងណាស់ដែលកីឡាអត្តពលកម្មនេះទទួលបានមេដាយមាសដែលទន្ទឹងរង់ចាំអស់រយៈពេល៦៥ឆ្នាំមកហើយ។ លោកបានថ្លែងអំណរគុណដល់ ឯកឧត្តមកែវ រ៉េមី និងគណៈកម្មាធិការសិទ្ធិមនុស្ស ដែលបានយកចិត្តទុកដាក់ដល់កីឡាករ និងបានអនុញ្ញាតឱ្យសហព័ន្ធខែ្មរកីឡាអត្តពលកម្មស័្មគ្រចិត្តបានចូលជួប។
កីឡាករ ឈុន ប៊ុនថន បានលើកឡើងថា ខ្ញុំបាទមានកិត្តិយសក្រៃលែងដែលមិននឹកស្មានដល់ថាខ្លួនអាចធ្វើបាន លោកបានលើកឡើងថា ក្នុងអំឡុងពេលហាត់ លោកបានប្តេជ្ញាចិត្តថា ស៊ូស្លាប់លើទីលានហ្វឹកហាត់ ហើយសន្យាថា នឹងបន្តហ្វឹកហាត់បន្ថែមទៀត។
ឯកឧត្តម កែវ រ៉េមី បានផ្តាំផ្ញើកីឡាករ ឈុន ប៊ុន ថន ឱ្យខិតខំប្រឹងប្រែង ហ្វឹកហាត់ បន្ថែម ទៀត និងប្រកាន់នូវអត្តចរិតថ្លៃថ្នូរ ដើម្បីធ្វើជាគំរូដល់យុវជនជំនាន់ក្រោយព្រមទាំងអាចឈានទៅជាកីឡាករអូឡាំពិក។ នៅក្នងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានផ្តល់នូវថវិកាចំនួន ប្រាំមួយលានរៀល ជូនដល់កីឡាករ ឈុន ប៊ុនថន ដែលជាសន្ដានចិត្តរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីជាការលើកទឹកចិត្តឱ្យខិតខំហ្វឹកហាត់បន្ថែមទៀត៕