ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធី អេឡិកត្រូនិករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធី អេឡិកត្រូនិករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
កម្មវិធីអេឡិកត្រូនិករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC APP) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលអង្គរ គីហ្សូណា មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គទូត អង្គការសង្គមស៊ីវិល ព្រមទាំងសិស្សានុសិស្ស សរុបទាំងអស់ប្រមាណ ២៥០នាក់។
រាយការណ៍ជូនអំពីការបង្កើតកម្មវិធីអេឡិកត្រូនិកនេះ លោកជំទាវ អ៊ុច និពន្ធ អគ្គនាយិការនៃ អគ្គនាយកដ្ឋាន រដ្ឋបាល និងបណ្តឹង បានលើកឡើងក្នុងឱកាសនោះថា គំនិតផ្ដួចផ្ដើមនៃការបង្កើតកម្មវិធីនេះគឺក្នុងគោលបំណង ១)ផ្ដល់នូវព័ត៌មានអំពីសិទ្ធិមនុស្សឱ្យបាន ទូលំទូលាយ និងឆាប់រហ័ស ២)កាត់បន្ថយនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងការមកដាក់ពាក្យបណ្ដឹងពីការរំលោភបំពានសិទ្ធិមនុស្ស។ ការដាក់ពាក្យបណ្តឹងតាមកម្មវិធីទូរស័ព្ទ នេះ អាចភ្ជាប់មកជាមួយនូវរូបភាព សម្លេង និងវីដេអូ ហើយរាល់ពាក្យបណ្តឹងទាំងអស់នឹងត្រូវបានរក្សាការសម្ងាត់។
ឯកឧត្តម ជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាសកលវិទ្យាធិការនៃសកលវិទ្យល័យភូមិន្ទភ្នំពេញ បានកោតសរសើរគណៈកម្មាធិការសិទ្ធិមនុស្សក្នុងការបង្កើតបាននូវកម្មវិធីនេះដើម្បីជាប្រយោជន៍សាធារណជន ។ ឯកឧត្តមក៏បានសំណូមពរឱ្យប្អូនៗនិស្សិតទាញយកនូវកម្មវិធីអេឡិកត្រូនិកនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗនិងពិតប្រាកដអំពីសិទ្ធិមនុស្ស និងអាចធ្វើការរាយការណ៍លើបញ្ហាសិទ្ធិមនុស្សផងដែរ។
ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការបង្កើតឱ្យមាននូវកម្មវិធីអេឡិកត្រូនិករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺជាការវិវឌ្ឍក្នុងជំហានថ្មីមួយទៀតនាយុគ្គសម័យឌីជីថល ក្នុងគោលដៅជំរុញឱ្យមានការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ការបង្កើតកម្មវិធីអេឡិកត្រូនិកនេះ ក៏ជាការចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាលដែលកំពុងធ្វើបដិវត្តន៍ត្តកម្មឌីជីថល ដោយបានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលផ្ដោតលើចក្ខុវិស័យ “ការកសាងរដ្ឋាភិបាលឌីជីថលដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ”។
តាមរយៈកម្មវិធីអេឡិកត្រូនិកនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានថ្មីៗអំពីសិទ្ធិមនុស្ស ហើយក៏អាចតាមដានសកម្មភាពនានារបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ លើសពីនេះទៅទៀត កម្មវិធីអេឡិកត្រូនិកនេះក៏ផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋពីគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋានទាំងអស់ អាចដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស មកកាន់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាន់តែមានភាពងាយស្រួលនិងឆាប់រហ័ស ដោយគ្រាន់តែចូលប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់គណៈកម្មាធិការសិទ្ធិមនុស្សនេះ។ ទាំងនេះ បានបង្ហាញពីសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕