ឯកឧត្តម ផៃ ហេង បានចូលរួមក្នុងកិច្ចសន្ទនាកម្រិតប្រទេសពីកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង២០២៣
នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ផៃ ហេង ទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមក្នុងកិច្ចសន្ទនាកម្រិតប្រទេសពីកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង២០២៣ ក្រោមអធិបតីភាព លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចសន្ទនានេះសហការរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រួមជាមួយអង្គការសុខភាពពិភពលោកនៅកម្ពុជា និងអង្គការខាណា (KHANA) ក្រោមជំនួយគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការស្តុបធីប៊ីផាតណឺស៊ីប (Stop TB Partnership) និងអង្គការបណ្តាញអាប់កាសូ (APCASO) និងមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ឯកឧត្តម ឬលោកជំទាវតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លោកជំទាវ និងតំណាងមកពីព្រឹទ្ធសភាជាតិ រដ្ឋសភាពជាតិ ក្រសួង និងស្ថាប័នជាតិពាក់ព័ន្ធ លោកវេជ្ជបណ្ឌិត ហួត ចាន់ឃុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកវេជ្ជបណ្ឌិត ដេង សិរង្គា តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា និងជានាយកគ្រប់គ្រងគម្រោងខំមីត (COMMIT) តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា លោក លោកស្រី នាងកញ្ញ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ បងប្អូនតំណាងឱ្យអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង។
ការរៀបចំធ្វើកិច្ចសន្ទនាកម្រិតប្រទេសនេះឡើង ក្នុងគោលបំណង៖
– ចែករំលែកនូវបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗ ជាមួយស្ថាប័នរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ សង្គមស៊ីវិល និងបណ្តាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង (TB people Cambodia) ដើម្បីចូលរួមជាយុទ្ធសាស្ត្រក្នុងកិច្ចជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ឆ្នាំ២០២៣។
– បង្កើតនូវការប្ដេជ្ញាចិត្តកម្រិតប្រទេសមួយ ក្នុងការរួមបញ្ចូលយន្តការសហគមន៍ សិទ្ធិ និងយេនឌ័រ (CRG) ទៅក្នុងអន្តរាគមន៍ជាតិ ព្រមទាំងបញ្ជាក់ឡើងវិញនូវតម្រូវការសម្រាប់ការអំពាវនាវឱ្យបង្កើនការផ្ដល់ថវិកា និងការទទួលបានឱសថ ការធ្វើរោគវិនិច្ឆ័យ និងវ៉ាក់សាំងជំងឺរបេង។
– ផ្សព្វផ្សាយអំពីសេចក្តីអំពាវនាវរបស់សហគមន៍ និងសង្គមស៊ីវិល និងឧបករណ៍ស្វែងរកការគាំទ្រចំពោះរបាយការណ៍ស្តីពីការប្ដេជ្ញាចិត្តបញ្ចប់របេង Vs វឌ្ឍនភាពនៃការឆ្លើយតបជំងឺរបេង៕