ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌(ICESCR)
(ខេត្តស្ទឹងត្រែង): សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌(ICESCR) ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺជាសិទ្ធិមូលដ្ឋានគោលដ៏សំខាន់របស់មនុស្ស ក្នុងចំណោមសិទ្ធិសំខាន់ៗដទៃទៀត ដែលត្រូវបានការពារនិងលើកកម្ពស់ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ទន្ទឹមគ្នា នេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ព្រមទាំងវិធានការនានាតាមវិស័យ សំដៅធានាការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក៏ដូចជាការអនុវត្តកតិកាសញ្ញាអន្តរជាតិនេះផងដែរ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង:
-ផ្សព្វផ្សាយឱ្យបានទូលំទូលាយរហូតទៅដល់ថ្នាក់ក្រោមជាតិ អំពីកិច្ចខិតខំប្រឹងប្រែង រួមជាមួយនឹងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា
-បង្ហាញឱ្យឃើញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ក្នុងការដាក់របាយការស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)
-ផ្សព្វផ្សាយឱ្យបានយល់ច្បាស់ពីដំណើរការការពារ និងសេចក្តីអង្កេតសន្និដ្ឋាននៃរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌
-ផ្សព្វផ្សាយជូនដល់អង្គភាពថ្នាក់ក្រោមជាតិ បានយល់កាន់តែច្បាស់ពីកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងជំរុញឱ្យមានការចូលរួមអនុវត្តពីអង្គភាពថ្នាក់ក្រោមជាតិ។
សិក្ខាសាលានេះរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីតំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរនិងអង្គភាពជុំវិញខេត្ត និងតំណាងសាលាស្រុក។
នៅទីបញ្ចប់ ឯកឧត្តម កែវ រ៉េមី បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តស្ទឹងត្រែង ចំពោះការស្វាគមន៍ និងកិច្ចសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមក៏បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្ដាប់ និងអាចសួរនូវសំណួរផ្សេងៗដែលពាក់ព័ន្ធនៅរបាយការណ៍ជាតិនេះ រួមទាំងសំណួរលើប្រធានបទសិទ្ធិមនុស្សជាទូទៅផងដែរ៕