ឯកឧត្តម ស្រ៊ាង ចិន្ដា និងឯកឧត្តម សុភារិន វាស្នា ចូលរួមសន្និសីទអន្តរជាតិ និងវេទិកាតុមូលប្រចាំឆ្នាំរបស់អាយឆាស្ដីពីសិនិទ្ធភាពសង្គម (Cohesive Societies)

សឹង្ហបុរី៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ស៊្រាង ចិន្ដា និងឯកឧត្តម សុភារិន វាស្នា សមាជិក គ.ស.ម.ក. បានទៅចូលរួមសន្និសីទអន្តរជាតិលើកទី៣ និងវេទិកាតុមូលប្រចាំឆ្នាំរបស់អាយឆាស្ដីពីសិនិទ្ធភាពសង្គម (Cohesive Societies) នាថ្ងៃទី២៤-២៧ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសសឹង្ហបុរី។
សន្និសីទអន្តរជាតិលើកទី៣ រៀបចំឡើងដោយសាលាសិក្សាអន្តរជាតិ S. Rajaratnam (RSIS) ក្នុងគោលបំណងផ្ដល់ជាវេទិកាមួយដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការពិភាក្សានិងចែករំលែកទស្សនៈ និងបទពិសោធល្អៗ ដើម្បីកសាងសុខដុមនីយកម្មក្នុងសង្គមពហុវប្បធម៌។ រីឯវេទិកាតុមូលប្រចាំឆ្នាំរបស់អាយឆានិងវិទ្យាស្ថាន Yusof Ishak (ISEAS) រៀបចំឡើងដោយអាយឆាសឹង្ហបុរី ដើម្បីផ្ដល់ឱកាសក្នុងការផ្ដាស់ប្ដូរមតិយោបល់ស្ដីពីការលើកកម្ពស់សុខដុមនីយកម្មសាសនា ដែលជាការខិតខំប្រឹងប្រែងមួយក្នុងការរួមចំណែកលើកកម្ពស់ភាពធន់ និងសិនិទ្ធភាពសង្គមក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាការរួមចំណែក និងឆ្លើយតបទៅនឹងវត្ថុបំណងនៃវេទិកាតុមូលខាងលើ ឯកឧត្តម ស្រ៊ាង ចិន្ដា បានបង្ហាញពីសុខដុមនីយកម្មសាសនាក្នុងសង្គមកម្ពុជា ដែលកើតឡើងដោយសារមានការប្ដេជ្ញាចិត្តផ្នែកនយោបាយដ៏មុតមាំ និងការអនុវត្តជាក់ស្ដែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអត់ឱន ការគោរពគ្នាទៅវិញទៅមក និងសន្ដិសហវិជ្ជមានផ្នែកសាសនា។ តាមរយៈការប្ដេជ្ញាចិត្តនេះ ប្រជាពលរដ្ឋគ្រប់រូបអាចប្រណិប័តន៍ជំនឿសាសនារបស់ខ្លួនដោយសេរី ទោះបីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។ តួយ៉ាង បងប្អូនខ្មែរ-ឥស្លាម មានសិទ្ធិពេញលេញក្នុងការអនុវត្តនិងថែរក្សាអត្តសញ្ញាណវប្បធម៌របស់ខ្លួន ហើយរាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យសិស្សានុសិស្ស និងនិស្សិតខ្មែរ-ឥស្លាម ស្លៀកសម្លៀកបំពាក់បែបសាសនារបស់ខ្លួននៅគ្រប់កម្រិតសិក្សានិងគ្រឹះស្ថានសិក្សា រួមទាំងការថតរូបសម្រាប់ធ្វើអត្តសញ្ញាណបណ្ណ និងឯកសារផ្លូវការផ្សេងៗ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានគាំទ្រ និងផ្ដល់តួនាទីជាថ្នាក់ដឹកនាំសំខាន់ៗដល់សមាជិកសមាជិកានៃសហគមន៍ខ្មែរ-ឥស្លាម ទាំងនៅថ្នាក់ជាតិនិងនៅថ្នាក់ក្រោមជាតិ។ នៅតាមព្រលានយន្ដហោះ មន្ទីរពេទ្យ សណ្ឋាគារ រោងចក្រ និងផ្សារធំៗជាដើម សុទ្ធតែមានកន្លែងប្រណិប័តន៍សាសនា។ ជាងនេះទៀត អំឡុងពេលនៃការរីករាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឱ្យបញ្ចុះសពខ្មែរ-ឥស្លាម តាមបែបប្រពៃណីសាសនារបស់ខ្លួន ដោយមិនចាំបាច់គោរពតាមវិធានការសុខាភិបាល ដែលតម្រូវឱ្យបូជាសពនោះឡើយ៕