ឯកឧត្តម ស្រ៊ាង ចិន្ដា និងឯកឧត្តម ដួង កោសល្ល ចូលរួមកម្មវិធីអាយឆា
កូឡាឡាំពួរ៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ស៊្រាង ចិន្ដា និងលោក ដួង កោសល្ល មន្រ្តីនៅ គ.ស.ម.ក. បានទៅចូលរួមកម្មវិធីសម្ពោធឯកសារសិក្សាស្រាវជ្រាវស្ដីពីសិទ្ធិទទួលបានសន្ដិភាព និងសិក្ខាសាលារបស់អាយឆាស្ដីពីអន្តរកម្មរវាងជម្លោះនិងសិទ្ធិមនុស្ស៖ មាគ៌ា និងអភិក្រមឆ្ពោះទៅកាន់សន្ដិភាពក្នុងតំបន់អាស៊ាន នាថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងសម្ពោធជាផ្លូវការនូវឯកសារសិក្សាស្រាវជ្រាវរបស់អាយឆា ស្ដីពីសិទ្ធិទទួលបានសន្ដិភាព និងដើម្បីផ្ដល់ជាវេទិកាមួយសម្រាប់ជជែកពិភាក្សា ក៏ដូចជាចែករំលែកនូវទស្សនៈ និងបទពិសោធល្អៗពាក់ព័ន្ធនឹងទ្រឹស្ដីសន្ដិភាព ព្រមទាំងការកសាងសន្ដិភាពឡើងវិញពីជម្លោះដែលធ្លាប់កើតមានឡើង។
នៅក្នុងកម្មវិធីនោះ ឯកឧត្តម ស្រ៊ាង ចិន្ដា បានចូលរួមចែករំលែកបទពិសោធរបស់កម្ពុជា ក្នុងការកសាងសន្ដិភាព និងថែរក្សាសន្ដិភាពរហូតមកដល់បច្ចុប្បន្ន។ ក្នុងនោះ ឯកឧត្តមបានផ្ដោតសំខាន់លើគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសកម្ពុជាទទួលបានសន្ដិភាព និងការឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណ ២៦ឆ្នាំ ហើយក៏ជារយៈពេលដែលកម្ពុជាមានសន្ដិភាពយូរបំផុតក្នុងប្រវត្តិសាស្រ្ត ៥០០ឆ្នាំចុងក្រោយរបស់ខ្លួន។ សន្ដិភាព អាចគង់វង្សបានយូរអង្វែងទៅបាន លុះត្រាតែមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ជាងនេះទៀត ឯកឧត្តមក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាបណ្ដុះស្មារតីស្រឡាញ់ និងថែរក្សាសន្ដិភាពដែលមានស្រាប់ កុំបណ្ដោយឱ្យបាត់បង់សន្ដិភាព រួចទើបនាំគ្នាខិតខំកសាងឡើងវិញ មិនមែនជាការងាយស្រួលនោះទេ។ ក្នុងករណីមានវិវាទផ្សេងៗ យើងត្រូវប្រកាន់យកដំណោះស្រាយបែបសន្ដិវិធី ពោលត្រូវផ្អែកលើការពិភាក្សា ឬការចរចា ឬយន្ដការនានា ទាំងយន្ដការតំបន់ និងយន្ដការ ឬច្បាប់អន្តរជាតិជាធរមាន៕





