ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលរថយន្តសង្គ្រោះបន្ទាន់ ១ គ្រឿង ជូនមណ្ឌលអប់រំកែប្រែទី៤ (ម៤)

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលរថយន្តសង្គ្រោះបន្ទាន់ ១ គ្រឿង ជូនមណ្ឌលអប់រំកែប្រែទី៤ (ម៤) ម៉ាក Hyundai Starex ដែលជាអំណោយដ៏ថ្លៃថ្លាលើកទី៦៣ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងអ្នកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី។ សូមជម្រាបផងដែរថា គ.ស.ម.ក. បានទទួលរថយន្តសង្គ្រោះបន្ទាន់នេះ ចំនួនពីរគ្រឿងមកហើយគឺ រថយន្តមួយគ្រឿងបានប្រគល់ជូនមណ្ឌលអប់រំកែប្រែទី២ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងមក ហើយសម្រាប់រថយន្តមួយគ្រឿងនេះ គ.ស.ម.ក. សូមប្រគល់ជូនមណ្ឌលអប់រំកែប្រែទី៤(ម៤) នៅខេត្តពោធិ៍សាត់ ដោយសារមណ្ឌលនេះ ស្ថិតនៅឆ្ងាយដាច់ស្រយាលពីទីប្រជុំជន និងពិបាកក្នុងការដឹកជញ្ជូនជនជាប់ឃុំទៅព្យាបាល និងដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងមណ្ឌល។ ចំពោះជំនួយជារថយន្តសង្គ្រោះបន្ទាន់នេះ គឺចំគោលដៅ និងជាសក្ខីភាពដែលបង្ហាញពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិទទួលបានសេវាសុខភាពដោយគ្មានការរើសអើង។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រី នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ដែលមានការយល់ដឹងអំពីសិទ្ធិមនុស្ស និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយ ការលើកកម្ពស់ និងការពារសិទ្ធិជនជាប់ឃុំ រួមមានសិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានសេវាថែទាំសុខភាព សេរីភាពខាងជំនឿសាសនា ក៏ដូចជាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិត ដែលអាចធ្វើឱ្យជនជាប់ឃុំ អាចធ្វើសមាហរណកម្មចូលសង្គមវិញ ក្រោយអនុវត្តទោសរួចរាល់។
ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមស្មារតី «មិនទុកនរណាម្នាក់ចោលឡើយ» ពោលទាំងអ្នកនៅក្រៅ និងអ្នកនៅក្នុងទីកន្លែងឃុំឃាំង ត្រូវមានសិទ្ធិដូចគ្នាក្នុងការទទួលបានសេវាសង្គមផ្សេងៗ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជំនួយផ្សេងៗ តួយ៉ាងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនតាមម្តាយអាយុក្រោម២ឆ្នាំ នៅកន្លែងជាប់ឃុំឃាំង។
ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តពោធិ៍សាត់ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធនាគារ ចំពោះកិច្ចសហការដ៏ល្អ និងអ្នកឧញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា ព្រមទាំងអ្នកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី ចំពោះជំនួយជារថយន្តសង្គ្រោះបន្ទាន់ជូនដល់មណ្ឌលអប់រំកែប្រែទី២ និងទី៤នេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ និងម្ចាស់ជំនួយទាំងអស់ ដែលកន្លងមកតែងតែលះបង់នូវកម្លាំងកាយចិត្ត ថវិកា សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ព្រមទាំងឱសថគ្រប់ប្រភេទ តាមរយៈការផ្តួចផ្តើម និងស្នើសុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងការផ្តល់ជូនទៅដល់មណ្ឌលអប់រំកែប្រែ ពន្ធនាគារ និងមជ្ឈមណ្ឌលនានានៅក្នុងរាជធានី-ខេត្តទូទាំងប្រទេស៕





















