លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”
នៅព្រឹកថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងលោកជំទាវ ឆាំ ម៉ារី អគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”ដល់តំណាងប្រជាពលរដ្ឋ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការផ្សព្វផ្សាយនេះ មានគោលបំណងពង្រឹងការយល់ដឹងឲ្យកាន់តែច្បាស់អំពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋានច្បាប់ជាតិ សន្ធិសញ្ញា និងកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស។ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលការសហការស្វាគមន៍យ៉ាងកក់ក្តៅពីលោកចៅសង្កាត់ ចៅសង្កាត់រងទី១ សមាជិកក្រុមប្រឹក្សា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលញ៉ាំងឲ្យការអប់រំផ្សព្វផ្សាយនេះ ទទួលបានជោគជ័យយ៉ាងល្អប្រសើរ៕














