ឯកឧត្តម អ៊ុំ ណារិន្ទ បានដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់”
នៅរសៀលថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយ ឯកឧត្តម អ៊ុំ ណារិន្ទ សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយអំពី “សិទ្ធិមនុស្ស និងច្បាប់” ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យ ព្រះសីហនុ ខេត្តកំពង់ចាម។
ការចុះអប់រំផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់ប្អូនៗជាសិស្សានុសិស្ស ឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន សន្ធិសញ្ញា និងកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ រួមទាំងច្បាប់ជាតិដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សផងដែរ។ គួររំលឹកថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តែងតែចុះធ្វើការអប់រំផ្សព្វផ្សាយអំពីសិទ្ធិមនុស្សជាប្រចាំ ជូនដល់ប្រជាពលរដ្ឋ មន្ត្រី កងកម្លាំង សិស្ស និង គរុសិស្ស នៅតាមគ្រប់បណ្ដារាជធានី ខេត្តទូទាំងប្រទេស។
ក្នុងឱកាសនោះ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទទួលការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកនាយក គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យយ៉ាងល្អប្រសើរ៕









