គណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជាចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកណ្តាល
ខេត្តកណ្ដាល៖ នៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៤ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមការងារគ.ស.ម.ក. ដឹកនាំដោយឯកឧត្តម ជូ ហេង សមាជិក និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្ស តំណាងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកា បានចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកណ្តាល។ ក្រុមការងារបានជួបជាមួយឧត្តមអគ្គានុរក្សថ្នាក់លេខ៣ សន ថា អនុប្រធានពន្ធនាគារខេត្តកណ្ដាល និងប្រធានការិយាល័យជំនាញ ដើម្បីប្រាប់ពីគោលបំណងរបស់ក្រុមការងារ និងស្តាប់សេចក្តីរាយការណ៍ពីស្ថានភាព ការគ្រប់គ្រង ព្រមទាំងព័ត៌មាននានា ជាពិសេសការស្នាក់នៅរបស់ជនជាប់ឃុំ។ បន្ទាប់មកក្រុមការងារក៏បានដើរពិនិត្យមើលស្ថានភាពនៅតាមបន្ទប់ឃុំឃាំងនីមួយៗ។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបាននាំយកថ្នាំពេទ្យចំនួន ៩ មុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ទុកជូនពន្ធនាគារសម្រាប់ប្រើប្រាស់ផងដែរ៕








