លោកជំទាវ ឡុង សូនីតា អញ្ជើញចូលរួមកិច្ចសន្ទនាប្រចាំអាស៊ានស្តីពីអនុសញ្ញាសិទ្ធិកុមារនៃអង្គការ សហប្រជាជាតិ (UNCRC) នៅទីក្រុងម៉ានីល

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្នុងនាម តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(AICHR-អាយឆា) បានចាត់លោកជំទាវ ឡុង សូនីតា អនុប្រធានគ.ស.ម.ក.ឱ្យចូលរួមកិច្ចសន្ទនាប្រចាំអាស៊ានស្តីពីអនុសញ្ញាសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ (UNCRC) ផ្តោតលើមតិទូទៅលេខ២៦ ដឹកនាំដោយតំណាងប្រទេសហ្វីលីពីន ប្រចាំអាយឆាកាលពីថ្ងៃទី ២-៣ ខែតុលា ឆ្នាំ ២០២៤ កិច្ចសន្ទនានេះរៀបចំដោយតំណាងប្រទេសហ្វីលីពីនប្រចាំអាយឆា និងសហការជាមួយ Child Rights Coalition Asia នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
កិច្ចសន្ទនាប្រចាំអាស៊ាននេះជាផ្នែកមួយបន្តគំនិតផ្តួចផ្តើមរបស់ AICHR ហ្វីលីពីនចាប់តាំងពីឆ្នាំ ២០១៨ ដើម្បីផ្សព្វផ្សាយសិទ្ធិកុមារក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន និងផ្តល់ជាវេទិកាថ្នាក់តំបន់មួយក្នុងការបន្តកិច្ច សហការពិភាក្សាអំពីអនុសញ្ញានេះដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធរួមមាន តំណាង AICHR តំណាង ACWC លេខាធិការដ្ឋានអាស៊ាន តំណាងពីស្ថាប័នពាក់ព័ន្ធអាស៊ាន តំណាងពីស្ថាប័នសិទ្ធិមនុស្សជាតិ មន្ត្រីរដ្ឋាភិបាលនិង ក្រសួងតាមស្ថាប័នមានសមត្ថកិច្ចនានា និងតំណាងពីស្ថាប័នក្រៅរដ្ឋាភិបាលផងដែរ។
កិច្ចសន្ទនាប្រចាំអាស៊ាននាឆ្នាំ២០២៤ ស្តីពីមតិទូទៅលេខ ២៦ បានផ្តោតលើសិទ្ធិកុមារ និងបរិស្ថានដែលជា ប្រធានបទសំខាន់ទាមទារឱ្យមានការសហការជាបន្ទាន់ពីបណ្តាស្ថាប័នពាក់ពន្ធ័នៅក្នុងទសវត្សរ៍ចុងក្រោយ៕







