ឯកឧត្តម ស្រ៊ាង ចិន្ដា និងឯកឧត្តម ជិន អង្គារិទ្ធិ ចូលរួមសិក្ខាសាលារបស់អាយឆាស្ដីពីការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តអនុសាសន៍ដែលបានទទួលយកក្នុងយន្ដការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR

ហ្លួងព្រះបាង៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ស៊្រាង ចិន្ដា និងឯកឧត្តម ជិន អង្គារិទ្ធិ សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមសិក្ខាសាលារបស់អាយឆាស្ដីពីការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តអនុសាសន៍ដែលបានទទួលយកក្នុងយន្ដការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) នាថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សិក្ខាសាលារបស់អាយឆានេះ រៀបចំឡើងដោយអាយឆាឡាវ ក្នុងគោលបំណងផ្ដល់ជាវេទិកាមួយដល់គ្រប់ភាគីពាក់ព័ន្ធ ពោលគឺទាំងតំណាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការចែករំលែកនូវឧត្តមានុវត្តន៍ បទពិសោធ និងមេរៀនជាក់ស្ដែងពាក់ព័ន្ធនឹងការអនុវត្តអនុសាសន៍ UPR ដែលបានទទួលយក និងកិច្ចខិតខំប្រឹងប្រែងក្នុងការតាមដានលើវឌ្ឍនភាពក្នុងការអនុវត្តអនុសាសន៍ទាំងនោះ ហើយសិក្ខាសាលានេះក៏ជាការអនុវត្តផែនការការងាររយៈពេលប្រាំឆ្នាំរបស់អាយឆា ២០២១-២០២៥ ក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិដែលធ្វើឡើងដោយរដ្ឋសមាជិកអាស៊ាន ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ជិន អង្គារិទ្ធិក៏បានចែករំលែកនូវការអនុវត្តអនុសាសន៍ UPR របស់កម្ពុជា ដោយឯកឧត្តម បានលើកឡើងពី (១). វដ្ត(ជុំ) និងដំណើរការនៃការទទួលយកអនុសាសន៍ UPR, (២). ការផ្សព្វផ្សាយនូវអនុសាសន៍ UPR ទៅក្រសួង ស្ថាប័ន រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងៗ និង (៣). ករណីសិក្សាស្តីពីការអនុវត្តអនុសាសន៍ពាក់ព័ន្ធនឹងសិទ្ធិការងារ។
អង្គសិក្ខាសាលាក៏បានបើកជាវេទិកាសំណួរ-ចម្លើយ ដល់អ្នកចូលរួមទាំងអស់បានសួរសំណួរ ក៏ដូចជាផ្តល់នូវមតិយោបល់ក្នុងន័យទទួលបានការចែក រំលែកនូវការអនុវត្តល្អៗ ពាក់ព័ន្ធនឹងអនុសាសន៍ UPR សម្រាប់ជុំបន្តបន្ទាប់ទៀត ឱ្យកាន់តែល្អប្រសើរ៕




