ឯកឧត្តម ជិន អង្គារិទ្ធិ ចូលរួមសិក្ខាសាលាស្តីពីសុពលភាពក្នុងតំបន់អាស៊ានស្តីពីភាពពាក់ព័ន្ធនៃការជួញដូរនិងពិការភាព និងកិច្ចសន្ទនាស្តីពីការដោះស្រាយការជួញដូរមនុស្សក្នុងចំណោមក្រុមងាយរងគ្រោះ
បាងកក៖ ឯកឧត្តម ជិន អង្គារិទ្ធិ សមាជិក គ.ស.ម.ក. និងជាប្រធាននាយកដ្ឋានសិទ្ធិមនុស្សតំបន់និងអាស៊ាន បានចូលរួម “សិក្ខាសាលាស្តីពីសុពលភាពក្នុងតំបន់អាស៊ានស្តីពីភាពពាក់ព័ន្ធនៃការជួញដូរនិងពិការភាព” និង “កិច្ចសន្ទនាស្តីពីការដោះស្រាយការជួញដូរមនុស្សក្នុងចំណោមក្រុមងាយរងគ្រោះ” នៅថ្ងៃទី២១-២៣ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។
សិក្ខាសាលា និងកិច្ចសន្ទនា ត្រូវបានរៀបចំឡើងរួមគ្នាដោយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្សប្រទេសថៃ(AICHR-Thailand) និងគណៈកម្មការអាស៊ានស្តីពីការលើកកម្ពស់ និងការពារសិទ្ធិស្ត្រី និងកុមារប្រទេសថៃ(ACWC-Thailand) សហការជាមួយរដ្ឋាភិបាលអូស្ត្រាលី ក្រោមការគាំទ្រមូលនិធិពីកម្មវិធីប្រឆាំងការជួញដូរមនុស្សអាស៊ាន-អូស្ត្រាលី(ASEAN-ACT) និងការគាំទ្រពីអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប(OSCE) ក្នុងគោលបំណងធ្វើឱ្យមានសុពលភាពលើសេចក្តីព្រាងគោលនយោបាយថ្នាក់តំបន់ អំពីចំណុចប្រសព្វនៃពិការភាពនិងការជួញដូរមនុស្ស។ សេចក្តីព្រាងគោលនយោបាយនេះ ត្រូវបានធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយ និងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិដែលធ្វើឡើងនៅទូទាំងប្រទេសអាស៊ានចំនួនប្រាំមួយរួមមាន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ហ្វ៊ីលីពីន ថៃ និងវៀតណាម។ ជាមួយគ្នានេះ កិច្ចសន្ទនាក៏នឹងផ្តល់នូវវេទិកាមួយសម្រាប់ការផ្លាស់ប្តូរការអនុវត្តប្រកបដោយជោគជ័យ បទពិសោធ ការចែករំលែកមេរៀនល្អៗ និងបញ្ហាប្រឈម ដោយផ្តោតសំខាន់ពីតម្រូវការសំខាន់ៗដើម្បីដោះស្រាយភាពងាយរងគ្រោះជាក់លាក់សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះ រួមមាន ស្រ្តី កុមារ ជនមានពិការភាព ជនជាតិដើមភាគតិច និងក្រុមជនជាតិភាគតិច (ជនចំណាស្រុក)។
ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) តំណាងនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីសុខុមាលភាពសង្គម និងការអភិវឌ្ឍន៍ (SOMSWD) តំណាងគណៈកម្មការអាស៊ានស្តីពីការលើកកម្ពស់ និងការពារសិទ្ធិស្ត្រី និងកុមារ (ACWC) តំណាងនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (SOMT) តំណាងវេទិកាជនពិការអាស៊ាន (ADF) តំណាងមកពីក្រុមការងារជាតិ/ក្រុមប្រឹក្សា/គណៈកម្មាធិការប្រឆាំងការជួញដូរនៃប្រទេសសមាជិកអាស៊ាន តំណាងអង្គការសង្គមស៊ីវិលអាស៊ាន (CSOs) ដែលធ្វើការប្រឆាំងការជួញដូរមនុស្ស រួមទាំងអង្គការជនពិការ (OPD) និងតំណាងប្រទេសទីម័រខាងកើត (អ្នកសង្កេតការណ៍អាស៊ាន)៕